ភស្តុតាងវិទ្យាសាស្រ្តបង្ហាញថាកម្ពុជាកំពង់ប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុ។
របាយការណ៍វាយតម្លៃលើកទី៤ របស់ក្រុមការងារអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ(IPCC) ចេញផ្សាយឆ្នាំ២០០៧ បានបញ្ជាក់យ៉ាងច្បាស់ថា ភពផែនដីកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុបង្កដោយសកម្មភាពមនុស្ស។ ប្រទេសកម្ពុជាមិនអាចគេចផុតពីវិបត្តិសកលលោកនេះទេ ក៏ប៉ុន្តែកម្រិតដែលកម្ពុជាកំពុងបង្កឱ្យមានការប្រែប្រួលអាកាសធាតុនិងកម្រិតនៃការរងគ្រោះពីការប្រែប្រួលអាកាសធាតុខុសពីប្រទេសដទៃទៀត។ ការប្រែប្រួលអាកាសធាតុបណ្តាលមក ពីការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាស ដែលកម្ពុជាបញ្ចេញបរិមាណដ៏តិចតួចណាស់ បើប្រៀបធៀបទៅនឹងការបំភាយឧស្ម័នផ្ទះកញ្ចក់ជាមធ្យមនៅក្នុងតំបន់និងនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់អវិជ្ជមាននៃប្រែប្រួលអាកាសធាតុបានកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងសមិទ្ធផលដែលកម្ពុជាបានអភិវឌ្ឍកន្លងមក។
មានការសិក្សាវិទ្យាសាស្រ្តយ៉ាងម៉ត់ចត់ជាច្រើនអំពីអាកាសធាតុនៅកម្ពុជា។ សីតុណ្ហភាពមធ្យមប្រចាំឆ្នាំនៅកម្ពុជាបានកើនឡើង ០,៨អង្សាសេ ចាប់តាំងពីឆ្នាំ១៩៦០ ក្នុងអត្រាកំណើនប្រហែល០,១៨អង្សាសេក្នុងមួយទសវត្សរ៍។ ចាប់តាំងពីឆ្នាំ 1960 មកភាពញឹកញាប់នៃថ្ងៃក្តៅបានកើនឡើងគួរឱ្យកត់សម្គាល់ (ជាមួយនឹងការកើនឡើងខ្ពស់បំផុតដែលបានកត់សម្គាល់នៅខែកញ្ញា - វិច្ឆិកា) ក៏ដូចជាមានភាពញឹកញាប់នៃចំនួនយប់ក្តៅ (ជាមួយការកើនឡើងដ៏ខ្លាំងក្លាដែលបានកត់សម្គាល់ក្នុងខែធ្នូ - កុម្ភៈ) ។ ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួន។
ដោយទទួលស្គាល់ភាពងាយរងគ្រោះរបស់ប្រទេសចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងរបៀបដែលបាតុភូតសកលលោកនេះអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជាតិ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវយុទ្ធសាស្រ្តរួមរបស់ខ្លួនសម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលមានចែងនៅក្នុងផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP 2014-2023) ។ CCCSP កំណត់នូវវិធានការអាទិភាពទាំងបន្ស៊ាំនិងការកាត់បន្ថយដែលត្រូវអនុវត្ត និងយន្ដការនានាដើម្បីបង្កើតឡើងក្នុងរយៈពេលខ្លីនិងមធ្យម។ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យមានការចាត់ចែងស្ថាប័ននិងយន្តការសមស្របនានា ដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងស្ថាប័នរដ្ឋាភិបាលនិងមិនមែនរដ្ឋាភិបាលចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តការឆ្លើយតបរបស់ប្រទេស។ ស្របតាម CCCSP ក្រសួងពាក់ព័ន្ធសំខាន់ៗបានរៀបចំផែនការសកម្មភាពប្រែប្រួលអាកាសធាតុតាមវិស័យ(CCAP) ហើយឥឡូវកំពុងអនុវត្តសកម្មភាពអាទិភាពទាំងនោះ សំដៅកសាងភាពធន់របស់វិស័យនិងជួយប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍបញ្ចេញកាបូនទាប។ ដូចគ្នានេះដែរអាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធផ្សេងៗជាច្រើនរួមទាំងអង្គការមិនមែនរដ្ឋាភិបាលនិងវិស័យឯកជន កំពុងចូលរួមក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់សហគមន៍។
អាទិភាពរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្នគឺ៖
- បន្តការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា២០១៤២០២៣ ផែនការជាតិបន្ស៊ាំ(NAP) និងរបាយការណ៍រួមចំណែកកម្ពុជាអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុ(NDC) តាមរយៈការផ្តល់ការគាំទ្រដល់ក្រសួងនិងស្ថាប័នពាក់ព័ន្ធចំនួន១៤ ដែលបានអនុម័តផែនការសកម្មភាពរបស់ខ្លួនសំដៅប្រមូលធនធាននិងកសាងភាពជាដៃគូ និងដល់អ្នកពាក់ព័ន្ធជាច្រើនទៀតដែលដើរតួយ៉ាងសំខាន់សម្រាប់អនុវត្តការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឱ្យទូលំទូលាយ។
- ពង្រឹងសមត្ថភាពស្ថាប័ននិងបច្ចេកទេសដើម្បីរៀបចំកម្មវិធី
- កំណត់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើគ្រប់ទិដ្ឋភាពទាំងអស់នៃសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាកំណត់ពីសក្តានុពលក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការដាក់បង្ហាញនូវបច្ចេកវិទ្យាថ្មីៗជាពិសេសសម្រាប់វិស័យសំខាន់គាំទ្រសេដ្ឋកិច្ចជាតិ ដូចជាថាមពលនិងការដឹកជញ្ជូនជាដើម។
- បង្កើនការយល់ដឹង ការកសាងសមត្ថភាព និងការអប់រំទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
- កៀរគរធនធានពីប្រភពខាងក្រៅប្រទេសដូចជាមូលនិធិអាកាសធាតុបៃតង ដែលអាចរួមចំណែកដល់ការអនុវត្តគម្រោងអាទិភាពនៅកម្ពុជា។ និង
- បន្តចូលរួមកិច្ចចរចារអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុដើម្បីដោះស្រាយបញ្ហាពិភពលោកដ៏សំខាន់នេះ។