ក.ជ.អ.ច. ពិនិត្យលើកិច្ចខិតខំប្រឹងប្រែងរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនិងធានានូវតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌របស់ជាតិ។ ក.ជ.អ.ច. មានភារកិច្ចរៀបចំ សម្របសម្រួល និងតាមដានការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ក្របខណ្ឌគតិយុត្ត ផែនការ និងកម្មវិធីដែលពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់នៃការអភិវឌ្ឍប្រកបដោយចីរភាព ការតាមដាន និងរាយការណ៍អំពីការអនុវត្តរបស់កម្ពុជាលើកិច្ចព្រមព្រៀងអន្តរជាតិទាក់ទងនឹងការអភិវឌ្ឍដោយចីរភាព។
តួនាទី និងការទទួលខុសត្រូវសំខាន់ៗរបស់ ក.ជ.អ.ច. មានដូចជា៖
- រៀបចំ ណែនាំ សម្របសម្រួលការអនុវត្ត និងវាយតម្លៃគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព កម្មវិធី និងគម្រោង ពាក់ព័ន្ធនឹងការអភិវឌ្ឍដោយចីរភាព
- លើកកម្ពស់ការបញ្ជ្រាបការអភិវឌ្ឍដោយចីរភាពទៅក្នុងគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព កម្មវិធី និងគម្រោងពាក់ព័ន្ធនានា ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ
- កៀរគរធនធានសម្រាប់អនុវត្តគោនយោបាយ លិខិតបទដ្ឋានគតិយុត្ត ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព កម្មវិធី និងគម្រោងពាក់ព័ន្ធនឹងការអភិវឌ្ឍដោយចីរភាព
- កសាង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដែគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត សំដៅគាំទ្រដល់ការអភិវឌ្ឍដោចីរភាព
- ជំរុញ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវ ការអប់រំ ការបណ្តុះបណ្តាល ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការផ្សព្វផ្សាយពាក់ព័ន្ធនឹងការអភិវឌ្ឍដោយចីរភាព
- លើកយោបល់ ជំហរ និងយុទ្ធសាស្រ្តជាតិ សម្រាប់ចូលរួមក្នុងកិច្ចព្រមព្រៀង កិច្ចប្រជុំ និងការចរចាអន្តរជាតិនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍដោចីរភាព
- ពិនិត្យ និងអនុម័តរបាយការណ៍ផ្លូវការនានារបស់ជាតិ ដែលតម្រូវឱ្យរៀបចំនៅក្រោមកិច្ចព្រមព្រៀងបរិស្ថានពហុភាគីនានាដែលកម្ពុជាជាសមាជិក
- គ្រប់គ្រងព័ត៌មាននិងការប្រាស្រ័យទាក់ទងពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ដោយចីរភាព
- ដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការងារសេដ្ឋកិច្ចបៃតង ការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងជីវសុវត្ថិភាព។