នាយកដ្ឋាន ប្រែប្រួលអាកាសធាតុ

ព័ត៌មានបន្ថែមអំពី ការប្រែប្រួលអាកាសធាតុ

ប្រទេសកម្ពុជាងាយរងគ្រោះខ្ពស់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលចាត់ថ្នាក់ជាក្នុងចំណោមប្រទេសងាយរងគ្រោះខ្ពស់ទាំង១២លើសាកលលោក។ ប្រទេសកម្ពុជាប្រឈមនឹងគ្រោះមហន្តរាយញឹកញាប់នឹងធ្ងន់ធ្ងរ ដូចមានបង្ហាញខាងក្រោម៖

  • គ្រោះរាំងស្ងួតឆ្នាំ២០០២ ប៉ះពាល់លើប្រជាជនកម្ពុជាច្រើនជាង២លាននាក់ក្នុងខេត្តចំនួន៨ ដែលបង្កផលលំបាកដល់មុខរបរចិញ្ចឹមជីវិតរបស់ប្រជាជន។
  • ការបាត់បង់និងការខូចខាតបង្កដោយព្យុះទីហ្វុងកេតស៊ីណាត្រូវបានព្យាករណ៍ថាមានចំនួនប្រមាណ១៣២លានដុល្លាអាមេរិក និងការបាត់បង់ជិវិតចំនួន៤៣នាក់
  • យោងលើកម្រងទិន្នន័យគ្រោះមហន្តរាយអន្តរជាតិ គ្រោះមហន្តរាយធម្មជាតិក្នុងឆ្នាំ២០១១ បង្ហាញថាការបាត់បង់តម្លៃសេដ្ឋកិច្ចកម្ពុជាប្រហែល៤,៣%នៃផលលិតផលក្នុងស្រុកសារុប
  • គ្រោះទឹកជំនន់ដ៏ខ្លាំនៅឆ្នាំ២០១៣ប៉ះពាល់ប្រជាជនចំនួន១,៨លាននាក់ក្នុងខេត្តចំនួន២០របស់កម្ពុជា ដែលមានតម្លៃបាត់បង់និងខូចខាតសារុបចំនួន៣៥៦,៣លានដុល្លាអាមេរិក
  • បាតុភូតរលកកម្តៅឆ្នាំ២០១៦ ប៉ះពាល់យ៉ាងប្រាកដលើការផ្គត់ផ្គង់ទឹក សកម្មភាពកសិកម្ម និងការចិញ្ចឹមសត្វក្នុងជាច្រើនរបស់ប្រទេសកម្ពុជា។

បញ្ហាប្រែប្រួលអាកាសធាតុបង្កនូវបញ្ហាប្រឈមដ៏ចម្បងដល់កិច្ចប្រឹងប្រែងអភិវឌ្ឍជាតិក្នុងព្រះរាជាណាចក្រកម្ពុជា លើវិស័យសំខាន់ៗដូចជា៖

១. សន្តិសុខស្បៀង៖ ការផ្លាស់ប្តូររដូវក្រោមការប្រែប្រួលអាកាសធាតុនិងភាវរូបអាកាសធាតុបង្កនូវភាពរំខានដល់ពេលវេលាដាំដុះដំណាំរបស់កសិករខ្នាតតូច។ ការឆាប់មកដល់នូវរដូវភ្លៀងនាំភាពច្រលំដល់កសិករ្យឆាប់សាបស្រូវ ដែលចុងក្រោយផ្តល់នូវភាពបរាជ័យដំណាំ។ ព្រឹត្តិការណ៍មិនប្រក្រតីដូចជាទឹកជំនន់ និង គ្រោះរាំងស្ងួតដែលចំណោល(ព្យាករណ៍)ថានឹងកើនឡើងកាន់តែញឹកញាប់និងកាន់តែខ្លាំង ដែលបង្កនូវផលប៉ះពាល់ដល់សន្តិសុខស្បៀងក្នុងព្រះរាជាណាចក្រកម្ពុជា។

២. ផលិតកម្មកសិកម្ម៖ ផលប៉ះពាល់របស់ការប្រែប្រួលអាកាសធាតុលើវិស័យកសិកម្មបង្កជាបញ្ហាពិសេសដល់ ប្រទេសកម្ពុជា ពីព្រោះប្រជាជនភាគច្រើនមានមុខរបរពឹងអាស្រ័យលើកសិកម្មខ្នាតតូចនិងកម្រិតគ្រួសារ ដើម្បីចិញ្ចឹមជីវិត ហើយវិស័យកសិកម្មរួមចំណែកដល់ឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា។ សកម្មភាពកសិកម្មនៅកម្ពុជាភាគច្រើនពឹងអាស្រ័យលើរបបទឹកភ្លៀង ដែលកំពង់ទទួលកំណើនភាពងាយរងគ្រោះក្រោមការប្រែប្រួលអាកាសធាតុ។ យើងបានជួបប្រទះនូវគ្រោះទឹកជំនន់និងរាំងស្ងួតដ៏ខ្លាំង ដែលបង្កនូវការបាត់បង់ផលិភាពកសិកម្មយ៉ាងច្រើន។

៣. គោលដៅអភិវឌ្ឍន៍ជាតិ៖ ផលិភាពកសិកម្មរំពឹងថានឹងកើនឡើងចន្លោះ ៣­­៥% ដើម្បីត្រូវនឹងគោលដៅកំណើនផលលិតផលក្នុងស្រុកសារុប។ ការប្រែប្រួលអាកាសធាតុបង្កនូវហានិភ័យដ៏ចំបងក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ ដោយសារតែផលប៉ះពាល់ពីគ្រោះរាំងស្ងួត ទឹកជំនន់ សត្វល្អិត និងការរាលត្បាតជំងឺ ដែលប្រហែលជាប៉ះពាល់ដល់ផលិតភាពកសិកម្ម។ កំណើនផលលិតភាពស្រូវ ដែលជាអាហារចំបងរបស់កម្ពុជានិងតម្រូវកំណើនស្រូវសម្រាប់ការនាំចេញ នឹងប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។ វិស័យជលផលដែលផ្តល់នូវការចិញ្ចឹមជីវិតនិងកាសការងារដល់ប្រជាជនជាច្រើននឹងទទួលនូវផលប៉ះពាល់ផលផងដែរ។

៤. សុខភាពសាធារណៈ៖ ការផ្ទុះឡើងនៃជំងឺមួយចំនួនដូចជាជំងឺគ្រុនចាញ់និងជំងឺគ្រុនឈាមដែលទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុនឹងបង្កបញ្ហាប្រឈមយ៉ាងធំធេងដល់ប្រទេសកម្ពុជា។ ស្រដៀងគ្នានេះដែរ អនាម័យនិងការបំពុលទឹកសាប ឧ.ក្នុងអំឡុងពេលមានព្រឹត្តិការណ៍ទឹកជំនន់ នឹងបង្កនូវកំណើនអត្រារជំងឺអាសន្នរោគនិងជំងឺផ្សេងៗទៀតបង្កដោយទឹក។

៥. ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត៖ គុណភាពនៃហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្នមិនត្រូវបានរចនាឡើងដើម្បីធន់នឹងកម្រិតខ្លាំងនៃផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដែលយើងកំពុងជួបប្រទះសព្វថ្ងៃ។ យើងបានឃើញនូវការខូចខាតបង្កមកពីការជន់លិចផ្លូវថ្នល់ ប្រព័ន្ធបង្ហូរទឹក ប្រព័ន្ធប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្សេងទៀតដូចជាស្ពាននិងលូទឹកជាដើម។ នៅក្រោមកម្រិតភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់  ទំនប់និងជម្រាលផ្លូវត្រូវរងការខូចខាតដោយសំណឹកទឹក បង្កឱ្យប្រព័ន្ធផ្លូវថ្នល់របស់យើងមិនអាចឆ្លងកាត់បាន ហើយក្នុងរយៈពេលយូរវាបង្កនូវការបាត់បង់តម្លៃសេដ្ឋកិច្ចដល់ប្រទេស។ បញ្ហាទាំងនេះនឹងកាន់តែអាក្រក់ឡើងក្រោមការព្យាកណ៍ផលប៉ះពាល់អាកាសធាតុអនាគតដែលព្រឹត្តិកាណ៍ធ្ងន់ធ្ងរកាន់តែខ្លាំងនិងកាន់តែញឹកញាប់។ ប្រព័ន្ធផ្លូវថ្នល់ដែលជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស ក្នុងការសម្រួលដល់ចលនាប្រជាជន និងលំហូរទំនិញនិងសេវាកម្មទាំងក្នុងប្រទេសនិងក្នុងតំបន់អាស៊ាននឹងរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

អាណត្តិ

នាយកដ្ឋានប្រែប្រួលអាកាសធាតុ ទទួលបន្ទុកលើកការសម្របសម្រួលនិងអនុវត្តលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព កម្មវិធី និងគម្រោងនានា សម្រាប់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងពិនិត្យ តាមដាន វាយតម្លៃ និងធ្វើរបាយការណ៍ជាប្រចាំ។

តួនាទីរបស់នាយកដ្ឋានមានដូចជា៖

  • រៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត គោនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការនិងថវិកា លើកស្ទួយកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ កសាងសមត្ថភាពមន្ត្រីនាយកដ្ឋាន គ្រប់គ្រងហិរញ្ញវត្ថុ អង្កេតតាមដានការងារផ្ធៃក្នុង និងគ្រប់គ្រងការងាររដ្ឋាបាលនានា ដែលពាក់ព័ន្ធនឹងតួនាទីនិងភារកិច្ចរបស់នាយកដ្ឋាន
  • សម្របសម្រួលនិងអនុវត្តលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព កម្មវិធី និងគម្រោងនានា សម្រាប់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងពិនិត្យ តាមដាន វាយតម្លៃ និងធ្វើរបាយការណ៍ជាប្រចាំ
  • សម្របសម្រួលការរៀបចំនិងគ្រប់គ្រងសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ របាយការណ៍ជាតិ និងការអនុវត្តកាតព្វកិច្ចនានារបស់រាជរដ្ឋាភិបាល នៅក្រោមអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ
  • សម្របសម្រួលផ្តល់ការគាំទ្របច្ចេកទេសក្នុងការធ្វើសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់នៅតាមប្រភពបញ្ចេញនានា
  • សម្របសម្រួលការវាយតម្លៃអំពីហានិភ័យ និងកាលានុវត្តភាពនានា ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ
  • ពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីកៀរគរធនទានសម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
  • លើកសំណើបង្កើននិងគ្រប់គ្រងមូលនិធិ ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
  • រៀបចំបង្កើតនិងគ្រប់គ្រងប្រព័ន្ធព័ត៌មាននិងចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុ
  • ផ្សព្វផ្សាយវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់រាជរដ្ឋាភិបាល ជូនដល់សាធារណជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ
  • បំពេញភារកិច្ចជាស្ថាប័នបង្គោលជាតិនៃអនុសញ្ញា ពិធីសារ និងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ
  • សម្របសម្រួលការងារជាមួយមន្ត្រីបង្គោលនៅតាមបណ្តាលក្រសួង ស្ថាប័នពាក់ព័ន្ធ សម្រាប់ការងារប្រែប្រួលអាកាសធាតុ
  • រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ។

 

កាលប្រវត្ដិនៃកិច្ចប្រឹងប្រែងរបស់កម្ពុជាដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ

ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នៅថ្ងៃទី ១៨ ខែធ្នូឆ្នាំ ១៩៩៥។ អនុសញ្ញានេះបានចូលជាធរមានសម្រាប់ប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ១៩៩៦។

កម្ពុជាបានចាប់ផ្តើមគម្រោងលើកដំបូងដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងឆ្នាំ ១៩៩៩ដែលមានឈ្មោះថា “កសាង​សមត្ថភាព​កម្ពុជា​ដើម្បី​រៀបចំ​របាយការណ៍​ជាតិ​លើក​ទី១ ស្តីពី​ការប្រែប្រួល​អាកាសធាតុ” (CCEAP) ។ គម្រោង​នេះ​ត្រូវបាន​អនុវត្ត​ដោយ​ក្រសួងបរិស្ថាន ក្រោម​ការគាំទ្រ​ពី​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​មូលនិធិ​បរិស្ថាន​ពិភពលោក (GEF)។ គម្រោង​នេះ​មាន​រយៈពេល​បី​ឆ្នាំ ដែលមាន​គោលបំណង​រៀបចំ​របាយការណ៍​ជាតិ​លើក​ទី១របស់​កម្ពុជា ផ្ញើ​ទៅកាន់​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ។ គម្រោង​នេះ ត្រូវបាន​ចាត់ទុកជា​ជំហាន​ទីមួយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​ជាក់ស្តែង​នូវ​អនុសញ្ញា​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា។ គម្រោង​នេះ​បាន​ជួយ​ប្រទេស​ក្នុង​ការកសាង​សមត្ថភាព​បច្ចេកទេស និង​ផ្នែក​ស្ថាប័ន​ប្រែប្រួល​អាកាសធាតុ ​និង​បាន​ជួយ​លើកកម្ពស់​ចំណេះដឹង​ប្រែប្រួល​អាកាសធាតុ​សម្រាប់​ស្ថាប័ន និង​បុគ្គល ចាប់ពី​ថ្នាក់មូលដ្ឋាន​រហូតដល់​ថ្នាក់ដឹកនាំ​នយោបាយ​ជាន់ខ្ពស់។

គម្រោង​នេះ​បាន​បន្ត​ក្នុងដំណាក់កាល​ទី២ រយៈពេល ១ឆ្នាំ​ ក្នុង​ឆ្នាំ២០០២។ ដំណាក់កាល​នេះ បាន​ជួយ​ឱ្យ​ប្រទេស​អាច​បន្ត និង​ពង្រឹងសមត្ថភាព​ប្រែប្រួល​អាកាសធាតុ​ដោយ​ផ្តោតលើ​ការកែលម្អ​សកម្មភាព​នានា​ ដែល​ទាក់ទង​នឹង​កែលំអ​ទិន្នន័យ និង​មេគុណ​បញ្ចេញ​ឧស្ម័ន​ពី​ការប្រែប្រួល​ការប្រើប្រាស់​ដី និង​វិស័យ​ព្រៃឈើ និង​កសិកម្ម។ សកម្មភាព​ទាំងនេះ ត្រូវបាន​ជ្រើសរើស​មក​អនុវត្ត ដោយសារ​ភាពចាំបាច់​នៃ​វិស័យ​ទាំងនេះ​ក្នុង​បរិបទ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការបញ្ចេញ/ការ​ស្រូប​ឧស្ម័ន​ផ្ទះ​កញ្ចក់។

ខែសីហា ឆ្នាំ២០០២ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បាន​ដើរតួនាទី​ជា​ជន​បង្គោល​ថ្នាក់ជាតិ​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តី​ការប្រែប្រួល​អាកាសធាតុ។ នៅ​ប្រទេស​កម្ពុជា​មានតែ​អនុសញ្ញា​បរិស្ថាន​អន្តរជាតិ​នេះ​តែមួយគត់ ដែលមាន​ជន​បង្គោល​ថ្នាក់​រដ្ឋមន្ត្រី ដែល​បានបញ្ជាក់​ពី​ការទទួលស្គាល់​នូវ​ភាពចាំបាច់ និង​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ។

ខែមិថុនា ឆ្នាំ២០០៣ ក្រសួងបរិស្ថាន​បាន​បង្កើត​ការិយាល័យ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា (CCCO) ដោយ​ប្រកា​សលេខ ១៩៥ ចុះ​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣។ ការិយាល័យ​នេះ ទទួលខុសត្រូវ​រាល់​សកម្ម​ភាពទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ។

ខែធ្នូ​ ឆ្នាំ២០០២ ក្រសួងបរិស្ថាន និង មជ្ឈមណ្ឌល​របស់​កម្ម​វិធី​បរិស្ថាន​សហប្រជាជាតិ   (UNEP Risoe) ស្តីពី​ថាមពល​អាកាសធាតុ​ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​ជំហាន​ទី១ “ការអភិវឌ្ឍ​សមត្ថភាព​សម្រាប់​យន្តការ​អភិវឌ្ឍន៍​ស្អាត (CD4CDM)” ដែល​បានបញ្ចប់​ដោយ​ជោគជ័យ​ក្នុង​ខែមេសា ឆ្នាំ២០០៣។ គម្រោង​នេះ បានទទួល​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ក្រសួងការបរទេស​ប្រទេស​ហូ​ឡង់​ តាមរយៈ​កម្មវិធី​បរិស្ថាន​អង្គការសហប្រជាជាតិ (UNEP)។ បន្ទាប់មក​ការិយាល័យ​បានចាប់ផ្តើម​អនុវត្ត​គម្រោង CD4CDM ដំណាក់កាល​ទី២ ក្នុង​ខែកក្កដា ឆ្នាំ២០០៣ រហូត​ ខែធ្នូ  ឆ្នាំ២០០៥។ គោលបំណង​រួម​នៃ​កម្មវិធី​នេះ ​គឺ​ដើម្បី​បង្កើន​ការយល់ដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ និង​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន ធនធានមនុស្ស​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​ ដើម្បី​ចូលរួម​ពេញលេញ​ក្នុង​ដៃគូ​ស្មើភាព​ជាមួយនឹង​បណ្តា​ប្រទេស​អភិវឌ្ឍ​ ក្នុងការ​បង្កើត និង​អនុវត្ត​យន្តការ​អភិវឌ្ឍន៍​ស្អាត (CDM)។ កម្មវិធី​នេះ ត្រូវបាន​អនុវត្ត​ដោយ​អង្គការ URC សម្រាប់​UNEP ដែលជា​ការទទួលខុសត្រូវ​សម្រាប់​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ។

ខែសីហា ​ឆ្នាំ២០០៣ ការិយាល័យ​បានចាប់ផ្តើម​អនុវត្ត​គម្រោង​ថ្មី​មួយ ឈ្មោះថា “កម្មវិធី​សកម្មភាព​ជាតិ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ” (NAPA) ដោយមាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី GEF តាមរយៈ UNDP។ គម្រោង​នេះ មាន​គោលបំណង​រៀបចំ​ផែនការ​សកម្មភាព​ជាក់ស្តែង​របស់​ប្រទេស​ក្នុងការ​ដោះស្រាយ​តម្រូវការ​បន្ទាន់ និងភ្លាមៗ និង​កង្វល់​នានា​របស់​ប្រទេស​ដើម្បី​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ។

ខែតុលា​ ឆ្នាំ២០០៣ វិទ្យាស្ថាន​យុទ្ធសាស្ត្រ​បរិស្ថាន​សាកល (IGES) នៃ​ប្រទេស​ជប៉ុន បានចាប់ផ្តើម​អនុវត្ត​កម្មវិធី​កសាង​សមត្ថភាព​CDM សម្រាប់​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាស៊ី រួមទាំង​កម្ពុជា “ការពង្រឹង​សមត្ថភាព​ចម្រុះ​សម្រាប់​យន្តការ​អភិវឌ្ឍន៍​ស្អាត(ICS-CDM)”។ គោលដៅ​របស់​គម្រោង​ ICS-CDM គឺ​ដើម្បីឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ី​និង​វិនិយោគិន​ពី​ប្រទេស​ជប៉ុន អាច​ចូលរួម​ពេញលេញ​ក្នុង​អនុវត្ត​គម្រោង​ CDM ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​ម្ចាស់​គម្រោង​ ដោយ​ចីរភាព។ គម្រោង​ ICS-CDM ទទួល​ការឧបត្ថម្ភ​ពី​ក្រសួងបរិស្ថាន​ នៃ​ប្រទេស​ជប៉ុន (MoE-ជប៉ុន )។

នៅខែតុលា ឆ្នាំ២០០៩ ការិយាល័យប្រែប្រួលអាកាសធាតុត្រូវបានបង្កើតជានាយកដ្ឋានប្រែប្រួលអាកាសធាតុ ដូចមានចែងនៅក្នុងអនុក្រឹត្យលលេខ១៧៥ ចុះថ្ងៃទី១៤ តុលា ២០០៩។ នាយកដ្ឋានស្ថិតនៅក្រោមចំណុះអគ្គនាយកដ្ឋានរដ្ឋាបាលការពារនិងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន ដែលមានបេសកម្មរួមចំណែកដល់ការអភិវឌ្ឍនដោយចីរភាពក្រោមលក្ខខណ្ឌប្រែប្រួលអាកាសធាតុនិងគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

នៅខែឧសភា ឆ្នាំ២០១៥ ឆ្លើយតបទៅនឹងកំណែរទំរង់រចនាសម្ព័ន្ធរបស់ក្រសួងបរិស្ថាន នាយកដ្ឋានប្រែប្រួលអាកាសធាតុត្រូវបានផ្លាសប្តូរ្យស្ថិតនៅក្រោមអគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលមានអាណត្តិលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងន័យធានាលំនឹងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា

Access to private documents