ក.ជ.អ.ច. បានរៀបចំលិខិតបទដ្ឋានគតិយុត្ត ឯកសារគោលនយោបាយ និងផែនការគាំទ្រដល់ការអភិវឌ្ឍដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា៖
- យុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិ ២០១៦២០២៣
- ផែនការសកម្មភាព និងយុទ្ធសាស្រ្តជីវៈចម្រុះជាតិ ២០១៦២០២០
- ផែនការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣២០៣០
- គោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង
- ផែនការយុទ្ធសាស្រ្តជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា២០១៣២០២៣
- ផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមវិស័យឆ្នាំ២០១៤/៥២០១៨
- ក្រមបរិស្ថាន និងធនធានធម្មជាតិ(សេចក្តីព្រៀង)
ដើម្បីឱ្យមានប្រសិទ្ធភាពលើការរៀបចំ និងអនុវត្តន៍គោលនយោបាយ ក.ជ.អ.ច. បានដាក់ចេញនូវសសរស្តម្ភក្របខណ្ឌយុទ្ធសាស្រ្តចំនួន៦៖
- គោលនយោបាយជាតិ និងក្របខណ្ឌច្បាប់៖ ដើម្បីឱ្យកម្ពុជាមានគោលនយោបាយ និងច្បាប់នានាដែលជាតម្រូវការចាំបាច់ដើម្បីធានាចីរភាពបរិស្ថាន និងធនធានធម្មជាតិ
- ការប្រែប្រួលអាកាសធាតុ៖ ដើម្បីប្រែក្លាយកម្ពុជាឱ្យមានភាពធន់ទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងសម្រួលដល់ដំណើរការកសាងសង្គមដែលបញ្ចេញកាបូនតិច
- ជីវៈចម្រុះ៖ ដើម្បីធានានូវចីរភាពពេញលេញនៃជីវៈចម្រុះនៅកម្ពុជា
- សេដ្ឋកិច្ចបៃតង៖ ដើម្បីជំរុញចីរភាពនៅក្នុងការអភិវឌ្ឍដែលធានានូវវិបុលភាពសេដ្ឋកិច្ចព្រមទាំងការពារគុណភាពបរិស្ថាននិងបូរណៈភាពធនធានធម្មជាតិ
- វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា៖ ដើម្បីឱ្យកម្ពុជាឈានមុខគេនៅក្នុងការអភិវឌ្ឍ និងអនុវត្តន៍គោលនយោបាយ និងបច្ចេកវិទ្យាសមស្រប និងមានប្រសិទ្ធភាពបំផុតដើម្បីទ្រទ្រង់និរន្តរភាព
- ប្រតិបត្ដិការ៖ ក.ជ.អ.ច. មានក្របខណ្ឌផែនការ និងរចនាសម្ព័ន្ធស្ថាប័នទំនើប ទន់ភ្លន់ ឆ្លើយតប ពេញលេញ និងផ្តោតលើលទ្ធផល ដែលគេទទួលស្គាល់ថាដើម្បីសម្រេចបាននូវលទ្ធផលជាក់លាក់សម្រាប់ប្រជាជនកម្ពុជា។