មនុស្ស បាននិងកំពុងប្រើប្រាស់ជីវៈចម្រុះ(ជាពន្ធុ) ដើម្បីផលិតជាពូជរុក្ខជាតិនិងដំណាំផ្សេងៗ ចំណែកជីវៈចម្រុះ (ជាប្រភេទ) ត្រូវបានមនុស្សទាញយកផលប្រយោជន៍មកប្រើធ្វើជាស្បៀងអាហារ ឱសថ និងផលិតផលឧស្សាហកម្មកែច្នៃផ្សេងៗ ហើយជីវៈចម្រុះ(ជាប្រព័ន្ធអេកូឡូស៊ី) បានដើរតួនាទីជាអ្នកបន្សុទ្ធទឹក ផលិតឧស្ម័នអ៊ុកស៊ីសែន ការពារគ្រោះទឹកជំនន់ គ្រោះមហន្តរាយធម្មជាតិ និងដំណើរបង្កាត់លំអង ជាដើម។ លើសពីនេះ ជីវៈចម្រុះ ជាឃ្លាំងចំណេះដឹងរបស់មនុស្ស និងពោរពេញដោយភាពអាថ៌កំបាំងសម្រាប់មនុស្សជាតិ។ ប្រទេសកំពុងអភិវឌ្ឍន៍ និងក្រីក្រ ក៏ដូចប្រទេសជឿនលឿន បានពឹងអាស្រ័យយ៉ាងខ្លាំងនូវធនធានធម្មជាតិ ពោលគឺប្រើប្រាស់ជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលបានរួមចំណែកមួយភាគធំដល់ផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសទាំងនោះ។ ទោះជាយ៉ាងនេះក្តី យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារ និងធ្វើឱ្យប្រាកដថាជីវៈចម្រុះ នៅតែមានវត្តមាន និងមានសុខុមាលភាពជារៀងរហូត។

ជីវៈចម្រុះ
ផ្នែកនិមួយៗរបស់ជីវៈចម្រុះ (មានពន្ធុ ប្រភេទ និងប្រព័ន្ធអេកូឡួស៊ី) បានផ្ដល់យ៉ាងសម្បើមនូវវត្ថុធាតុដើមនានា និងសេវាជាច្រើន សម្រាប់ទ្រទ្រង់ជីវិតមនុស្សជាតិ។