ការប្រែប្រួលអាកាសធាតុអាចនឹងកាត់បន្ថយ ផ.យ.ស.ទាំងមូលប្រមាណ២,៥% នៅឆ្នាំ២០៣០ និង៩,៨%នៅឆ្នាំ២០៥០ ក្រោមសេណារីយ៉ូ(ចំហាក)ចម្បង ដែលកំណើនកម្តៅសាកលលោកត្រូវបានរក្សានៅក្រោម២oC នៅឆ្នាំ២១០០ និងកម្ពុជារក្សាស្ថេរភាពកម្រិតវិនិយោគលើវិធានការបន្ស៊ាំ។ ការធ្លាក់ចុះដូចនេះត្រូវនឹងការកាត់បន្ថយជាមធ្យមប្រចាំឆ្នាំលើអត្រាកំណើនផ.យ.ស.ប្រមាណ០,៣% រវាងឆ្នាំ២០១៦ និង២០៥០ (ពី៦,៩% ទៅ ៦,៦%) នឹង អាចពន្យាពេលរបស់កម្ពុជាចូលជាប្រទេសមានប្រាក់ចំណូលមធ្យមចំនួន១ឆ្នាំ។
រដ្ឋាភិបាលបានកំណត់នូវចំណាយសាធារណៈរង្វង់១%នៃផ.យ.ស. ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលនៅឆ្នាំ២០១៥ចំណាយសាធារណៈលើសកម្មភាពប្រែប្រួលអាកាសធាតុមានចំនួន១,២%នៃផ.យ.ស. យោងលើការវិភាគលើចំណាយសាធារណៈទៀងទាត់។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់បញ្ចូលបញ្ហាប្រែប្រួលអាកាសធាតុជាកត្តាពិចារណាមួយក្នុងសេចក្តីណែនាំរៀបចំថវិកាជាតិ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកៀរគរនិងគ្រប់គ្រងធនធានខាងក្រៅនិងក្នុងប្រទេសសម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ រដ្ឋាភិបាលបានរៀបចំនូវវេទិកាពិគ្រោះយោបល់ដ៏ស្ថាបនាមួយជាមួយវិស័យឯកជនដើម្បីបង្កើតបរិស្ថានអំណោយផលមួយសម្រាប់ការវិនិយោគបៃតង និងហិរញ្ញវត្ថុបៃតង។ ការវិនិយោគលើការប្រែប្រួលអាកាសធាតុនឹងនាំមកមិនត្រឹមតែផលចំណេញផ្ទាល់នោះទេពីការវិនិយោគតាមរយៈការកាត់បន្ថយហានិភ័យ តែក៏បានផលចំណេញជាទូទៅផ្នែកសង្គមសេដ្ឋកិច្ចដ៏ប្រសើរផងដែរ។
សម្រាប់ធនធានក្រៅស្រុក កម្ពុជាបានស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុពីដៃគូទ្វេភាគី (អូស្រ្តាលី ចិន សហភាពអឺរ៉ុប បារាំង អាអ្លឺម៉ង់ ជប៉ុន សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក ស៊ុយអ៉ែត ។ល។) និងដៃគូពហុភាគី (ធនាគាអភិវឌ្ឍន៍អាស៊ី ភ្នាក់ងារសហប្រជាជាតិ GEF, IFAD, មូលនិធិសកល ធនាគាពិភពលោក ។ល។)។ បន្ថែមពីនេះ កម្ពុជាក៏បានត្រៀមខ្លួនដើម្បីទទួលបានដោយផ្ទាល់ពីមូលនិធិអាកាសធាតុថ្មីៗដូចជាមូលនិធិអាកាសធាតុបៃតង និងយន្តការហិរញ្ញវត្ថុផ្សេងៗក្រោមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស៍។