គម្រោងនិងកម្មវិធីប្រែប្រួលអាកាសធាតុ

មានការកើនឡើងនៃចំនួនប្រតិបតិ្តកររាប់បញ្ចូលទាំងស្ថាប័នរដ្ឋាភិបាល សហគមន៍ អង្គការសង្គមស៊ីវិល វិស័យកជន ស្ថាប័នអប់រំ និងដៃគូអភិវឌ្ឍន៍ ដោយមានការគាំទ្រពីនាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមជាបណ្តើរៗនិងអនុវត្តសកម្មភាពនានានៅមូលដ្ឋាន។

រាប់បញ្ចូលពីកម្មវិធីធំៗ ឧ.កម្មវិធីភាពធន់នឹងអាកាសធាតុរបស់ធនាគាអភិវឌ្ឍន៍អាស៊ី កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ឬ គម្រោងកាត់បន្ថយហានិភ័យនិងពង្រឹងរបរចិញ្ចឹមជីវិតនៅទីជនបទ ដល់ការអនុវត្តវិធានជាក់លាក់ខ្នាតតូចនៅសហគមន៍ ប្រទេសកម្ពុជាកំពង់ត្រៀមខ្លួនសម្រាប់ ចីរភាពអនាគត់ប្រកបដោយភាពធន់នឹងអាកាសធាតុ។

នៅថ្នាក់ក្រោមជាតិ ជាមួយជំនួយពីនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងសហការជាមួយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) អាជ្ញាធរមូលដ្ឋានកំពង់តែប្រើប្រាស់កាន់តែច្រើនឡើងនូវការវិភាគភាពងាយរងគ្រោះដើម្បីកំណត់រកវិធានការបន្ស៊ាំប្រែប្រួលអាកាសធាតុ ដែលអាចបង្កើនភាពធន់របស់សហគមន៍ទៅនឹងផលប៉ះពាល់ពីប្រែប្រួលអាកាសធាតុ តាមរយៈការស្វែងរកមូលនិធិចេញពីកម្មវិធីវិនិយោគឃុំ/សង្កាត់។

ខណៈដែលការងារបន្ស៊ាំនៅតែជាអាទិភាពរបស់ប្រទេសកម្ពុជា ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់កំពង់ក្លាយជាផ្នែកដ៏សំខាន់នៃការឆ្លើយតបរបស់ប្រទេសទៅនឹងការប្រែប្រួលអាកាសធាតុ ដោយកំណើនភស្តុតាងជាច្រើនថាការវិនិយោគលើការកាត់បន្ថយអាចផ្តល់សហប្រយោជន៍ទាំងបន្ស៊ាំប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍ ការងារ សន្តិសុខថាមពល និងសុខភាពសាធារណៈ។ សហប្រយោជន៍ទាំងនោះអាចរួមចំណែកដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍ដោយចីរភាពមួយចំនួន ជាពិសេសគោលដៅស្តីពីការទទួលបានថាមពលស្អាតនិងតំលៃសមរម្យ(SDG7) ការអភិវឌ្ឍទីក្រុងនិងសហគមន៍ដោយចីរភាព(SDG11) និងការផលិតនិងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ(SDG12)