ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពមានកិត្តិយសសូមជម្រាបជូនដល់បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា ក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបានរៀបចំសិក្ខាសាលាចាប់ផ្តើម «ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC3.0)» នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។
សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និង ឯកឧត្តម Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ក្រុមជនជាតិដើមភាគតិច តំណាងយុវជន និងវិស័យអប់រំ សរុបចំនួន ២០០នាក់។
ការចាប់ផ្តើមជាផ្លូវការនៃដំណើរការរៀបចំ «ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ» ដ៏មានសារៈសំខាន់នេះ គឺជាសក្ខីភាពដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជា ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។
ឆ្នាំ២០២៥ គឺជាខួបគម្រប់១០ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងជាពេលវេលាដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាសកល។ ប្រទេសនានាត្រូវបានគេរំពឹងថានឹងដាក់ជូនផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC3.0) ដើម្បីបង្ហាញនូវប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ នេះជាឱកាសចុងក្រោយសម្រាប់សហគមន៍អន្តរជាតិក្នុងការកំណត់ការកើនឡើងកម្តៅផែនដីឱ្យនៅក្រោម ១.៥ អង្សារសែលស៊ុស។
រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការរៀបចំ NDC3.0 ប្រកបដោយមហិច្ឆតា ដែលអាចអនុវត្តបានប្រកបដោយបរិយាបន្ន ហើយដោយមានការចូលរួមគាំទ្រពីទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ ដែលសម្របសម្រួលដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានប្រើប្រាស់របៀបវារៈអាកាសធាតុរបស់ខ្លួន។ កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការរៀបចំ NDC3.0 ថ្មីនេះត្រូវបង្កើនមហិច្ឆតាគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការជំរុញមធ្យោបាយអនុវត្ត និងប្រកបដោយបរិយាបន្ន ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ សំដៅរួមចំណែកដល់ការពន្លឿនគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងផែនការអាទិភាពជាតិដែលមានស្រាប់។
ថ្លែងក្នុងកម្មវិធីបើក ឯកឧត្តម ជួប ប៉ារីស៍ បានបញ្ជាក់ថា ប្រទេសកម្ពុជាងាយរងគ្រោះដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ កំណើនសីតុណ្ហភាព ព្រឹត្តិការណ៍ធាតុអាកាសធ្ងន់ធ្ងរដែលកើតមានកាន់តែញឹកញាប់ និងការកើនឡើងកម្ពស់ទឹកសមុទ្រ បានគំរាមកំហែងដល់វិស័យកសិកម្ម នេសាទ និងឧស្សាហកម្មទេសចរណ៍។ ជាមួយគ្នានេះ ប្រទេសកម្ពុជាបានបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយកំណត់របៀបវារៈជាតិប្រកបដោយមហិច្ឆិតា សម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការបង្កើតគោលនយោបាយជាតិសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដែលបណ្តាល
មកពីការប្រែប្រួលអាកាសធាតុដូចជាការរៀបចំនិងដាក់ជូននូវ«ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា»ទៅក្របខ័ណ្ឌអនុសញ្ញាសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុក្នុងឆ្នាំ២០២០ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ ២០២១ និងការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងគោលនយោបាយជាតិ និងដំណើរការពាក់ព័ន្ធ។ ក្រសួងបរិស្ថាន ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកនាំរៀបចំ NDC3.0 ដើម្បីបង្ហាញពីមហិច្ឆតាកម្ពុជាក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីគ្រប់វិស័យជាពិសេស វិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងសំណល់។
ឯកឧត្តម Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានសង្កត់ធ្ងន់ថា ការរៀបចំ NDC3.0 ពិតជាចំបាច់សម្រាប់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ខណៈពេលដែលពិភពលោកទាំងមូលស្ថិតក្នុងរបត់ដ៏សំខាន់ក្នុងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការរៀបចំផែនការជាតិនេះ ជាគំនិតផ្តួចផ្តើមដ៏សំខាន់បំផុតមួយសម្រាប់កម្ពុជានាពេលនេះ។ ផែនការជាតិនេះជាឱកាសមួយសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយបរិយាបន្នក្នុងការផ្តល់សិទ្ធិអំណាចដល់យុវជន ក្រុមជនជាតិដើមភាគតិច សហគមន៍មូលដ្ឋាន និងក្រុមដែលងាយរងគ្រោះបំផុត ទៅក្នុងដំណើរការនៃការរៀបចំនេះ ដែលដឹកនាំសម្របសម្រួលដោយក្រសួងបរិស្ថាន។ គោលបំណង និងឱកាសទាំងនេះគឺដើម្បីពង្រឹងវិធីសាស្រ្តនៃការរៀបចំគោលនយោបាយមួយដោយមានចូលរួមពីគ្រប់ភ្នាក់ងារក្នុងសង្គម ប្រកបដោយនិរន្តរភាព ភាពជាអ្នកដឹកនាំ ប្រសិទ្ធភាព ការលើកកម្ពស់សមភាពយេនឌ័រ និងក្របខ័ណ្ឌផ្អែកលើសិទ្ធិមនុស្ស។
លោកស្រី Alissar Chaker តំណាងUNDP ប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ថាការរៀបចំ NDC3.0 របស់កម្ពុជាគឺជាឱកាសដើម្បីកំណត់ និងធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវដោយប្រើប្រាស់ផែនការអាកាសធាតុជាតិ ក៏ដូចជាផែនការវិនិយោគដើម្បីទទួលបាននូវការគាំទ្រផ្នែកធនធាន និងដំណើរឆ្ពោះទៅរកការអភិវឌ្ឍបៃតង និងអព្យាក្រឹតកាបូន។ UNDP ក្នុងនាមជាអ្នកដឹកនាំផ្នែកបច្ចេកទេសរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានប្តេជ្ញាចិត្តក្នុងការជំរុញបច្ចេកទេស ធនធាន និងភាពជាដៃគូរួមជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើបច្ចុប្បន្នភាពផែនការជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់ខ្លួន ឱ្យស្របទៅនឹងមហិច្ឆតានិងអាទិភាព និងរបៀបវារៈអភិវឌ្ឍន៍ជាតិ ផ្អែកលើគោលការណ៍មិនទុកនរណាម្នាក់ចោលនោះឡើយ។
ក្នុងប៉ុន្មានខែខាងមុខនេះ ក្រុមការងារបច្ចេកទេសដែលដឹកនាំដោយរាជរដ្ឋាភិបាល ដោយមានការគាំទ្រពី UNDP និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត នឹងធ្វើការកំណត់គោលដៅផែនការជាតិប្រកបដោយមហិច្ឆិតា និងអាចអនុវត្តបានយ៉ាងមានប្រសិទ្ធភាព។ កិច្ចប្រជុំពិគ្រោះយោបល់ជាបន្តបន្ទាប់នឹងត្រូវរៀបចំឡើងទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយសិក្ខាសាលាផ្តល់សុពលភាពថ្នាក់ជាតិនឹងត្រូវរៀបចំមុននឹងដាក់ជូនអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។