ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រែប្រួលអាកាសធាតុ សហការជាមួយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ (CCCA3) បានចុះប្រមូលទិន្នន័យពីក្រុមហ៊ុន MITSUI & CO.,LTD. និងអង្គការ CI ដើម្បីជួបប្រជុំពិភាក្សាជាមួយអ្នកជំនាញ និងត្រួតពិនិត្យប្រតិបត្តិការគម្រោងរេដបូកនៅដែនជម្រកសត្វព្រៃ-ព្រៃឡង់ (REDD+ Prey Lang Wildlife Sanctuary) និងធ្វើបច្ចុប្បន្នភាពរបាយការណ៍វឌ្ឍនភាពគម្រោងក្រោមយន្តការឥណទានកាបូនរួមគ្នា (JCM) នៅខេត្តស្ទឹងត្រែង។

កិច្ចពិភាក្សានេះមានគោលបំណង 

  • ចុះប្រមូលទិន្នន័យ និងធ្វើបច្ចុប្បន្នភាពរបាយការណ៍វឌ្ឍនភាពគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្រោមយន្តការអភិវឌ្ឍន៍ស្អាត (CDM) និងយន្តការឥណទានកាបូនរួមគ្នា (JCM) 
  • ពិនិត្យតាមដានកិច្ចសហប្រតិបត្តិការផ្ទេរឥណទានកាបូន (Carbon Emission Reduction) ក្រោមគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ សំដៅសម្រេចផែនការរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០
  • សិក្សាស្វែងយល់អំពីបញ្ហាប្រឈមរបស់គម្រោងនីមួយៗក្នុងអំឡុងពេលអនុវត្តន៍ រាល់សកម្មភាពល្អៗ ដែលគម្រោងបានអនុវត្តកន្លងមក ក្រោមយន្តការ CDM និង JCM នៅក្នុងប្រទេសកម្ពុជា។

ជាលទ្ធផល៖

-  ក្រុមការងារបានចុះទៅជួបប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយមន្ត្រីអនុវត្តគម្រោង ដោយមានសមាសភាពចូលរួមពីលោក ឡាយ ឡារ៉ូ អនុប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង មន្រ្តី GIS រដ្ឋបាលគម្រោង លោកនាយក នាយករងដែន លោកប្រធានស្នាក់ការដែនជម្រកសត្វព្រៃព្រៃឡង់ (សរុប ១២រូប) ពាក់ព័ន្ធទៅនឹងគម្រោងរេដបូកនៅដែនជម្រកសត្វព្រៃ-ព្រៃឡង់ ក្រោមយន្តការឥណទានកាបូនរួមគ្នា (JCM) ភូមិសាស្ត្រខេត្តស្ទឹងត្រែង 

-  មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានរៀបរាប់ពីកិច្ចសហការជាមួយអង្គការ CI និងដំណើរការអនុវត្តគម្រោងតាំងពីដំណាក់កាលទី១ ទទួលបានម៉ូតូ GPS វិទ្យុទាក់ទង ឯកសណ្ឋានឧទ្យានុរក្ស គោយន្ត សម្ភារៈប្រើប្រាស់មួយចំនួនពេលចុះល្បាត ដើម្បីងាយស្រួលបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ។ ជាពិសេស គម្រោងនេះបានជួយបង្កើនជីវភាពសហគមន៍ និង ពង្រឹងសមត្ថភាពមន្ត្រីឧទ្យានុរក្សលើការប្រើប្រាស់ឧបករណ៍ GPS ការប្រើប្រាស់កម្មវិធី SMART (ជំនួសឱ្យការកត់ត្រាសៀវភៅ) និងទទួលបានវគ្គបណ្តុះបណ្តាលពីគ្រូបច្ចេកទេសនៅប្រទេសថៃ

-   មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានលើកឡើងពីបញ្ហាប្រឈម មន្ត្រីឧទ្យានុរក្សមានចំនួនតិចហើយផ្ទៃដីតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងមានទំហំធំ មិនទាន់មានបង្គោលព្រំ ម៉ូតូផ្តល់ជូនឧទ្យានុរក្សមានសភាពទ្រុឌទ្រោម(តាំងពីឆ្នាំ២០១៨) វិទ្យុទាក់ទងមិនគ្រប់គ្រាន់ព្រោះខូចពេលចុះអនុវត្តការងារនៅក្នុងព្រៃ។ បញ្ហាប្រឈមដែលបានរៀបរាប់ខាងលើ បានលើកឡើងនៅក្នុងអង្គប្រជុំប្រចាំខែច្រើនដង ប៉ុន្តែអង្គការ CI មិនទាន់មានដំណោះស្រាយអ្វីឡើយ។

-  ក្រុមការងារនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងមន្ត្រីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ បានជួបប្រជុំជាមួយតំណាងអង្គការ CI និងក្រុមហ៊ុន MITSUI & CO.,LTD. (Online) ដាច់ដោយឡែកដើម្បីពិភាក្សាពីវឌ្ឍនភាពគម្រោងរេដបូកនៅដែនជម្រកសត្វព្រៃ-ព្រៃឡង់។ តំណាងអង្គការ CI បានធ្វើបទបង្ហាញសង្ខេបពីសាវតាប្រវត្តិគម្រោងតាំងពីចាប់ផ្តើមដំណាក់កាលទី១ (២០១៨-២០២១) ដែលជាគម្រោងសាកល្បងនៅខេត្តស្ទឹងត្រែង ហើយបន្តដំណាក់កាលទី២ បានពង្រីកដល់៤ខេត្ត (ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ)។ អង្គការ CI តែងតែមានកិច្ចប្រជុំប្រចាំខែ ប្រចាំត្រីមាស ជាមួយមន្ត្រីគម្រោង អំពីលទ្ធផល បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ  (ប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន រៀងរាល់ ៦ខែ) 

-  អង្គការ CI និងក្រុមហ៊ុន MITSUI & CO.,LTD. បានបង្ហាញពីផលប្រយោជន៍គម្រោងដែលបានជួយដល់សហគមន៍តាមរយៈកម្មវិធី IBIS Rice និងចងក្រងជាសហគមន៍ក្នុងការប្រមូលផ្តុំផលិតផលរកបានពីអនុផលព្រៃឈើដើម្បីរកចំណូលបន្ថែម  ប៉ុន្តែមុនចូលជាសមាជិកត្រូវចុះកិច្ចសន្យាយល់ព្រមថាមិនកាប់ទន្ទ្រានព្រៃឈើ។ យោងតាមលទ្ធផលនៃដំណាក់កាលទី១ គម្រោងនេះទទួលបានលទ្ធផលប្រកបដោយផ្លែផ្លា ដែលសង្កេតឃើញថាចំនួនបទល្មើសធនធានធម្មជាតិមានការថយចុះ ជីវភាពសហគមន៍មានភាពប្រសើរឡើង និងលក់ឥណទានកាបូនបានថែមទៀត

-  ក្រុមការងារចុះប្រមូលទិន្នន័យក៏បានជជែកពិភាក្សាជាមួយតំណាងក្រុមហ៊ុន MITSUI  និងអង្គការ CI អំពីវិធីសាស្ត្រគណនាកាបូន ទិន្នន័យបច្ចេកទេស និងកិច្ចសហប្រតិបត្តិការផ្ទេរឥណទានកាបូន (Carbon Emission Reduction) ក្រោមយន្តការ JCM ព្រមទាំងសំណួរបច្ចេកទេសផ្សេងទៀតដែលមាននៅក្នុងកម្រងសំណួរ ប៉ុន្តែក្រុមការងារទទួលការឆ្លើយតបខ្លីហាក់ដូចជាមិនសូវលម្អិតលើចំណុចទាំងអស់នោះ (ចម្លើយពីក្រុមហ៊ុន MITSUI ផ្ញើមកក្រុមការងារ)

-  ក្រុមការងារនឹងបន្តចុះប្រមូលទិន្នន័យគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្រោមយន្តការអភិវឌ្ឍន៍ស្អាត (CDM) និងយន្តការឥណទានកាបូនរួមគ្នា (JCM) ដើម្បីធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងត្រួតពិនិត្យតាមដានវឌ្ឍនភាព (Online NDC Tracking System) នៃរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (Updated NDC)









  • Share on Social Media