រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA3) បានរៀបចំសិក្ខាសាលាស្តីពី ការណែនាំការរៀបចំសំណើសុំផ្តល់មូលនិធិជំនួយឥតសំណងដល់គម្រោងនវានុវត្តន៍ប្រែប្រួលអាកាសធាតុនៃ CCCA3។ សិក្ខាសាលានេះសម្របសម្រួលដោយ លោក ស៊ុំ ធី ប្រធានគ្រប់គ្រងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដែលមានការចូលរួមពីក្រសួង ស្ថាប័នរដ្ឋ អង្គការជាតិនិងអន្តរជាតិ សាកលវិទ្យាល័យ និងវិទ្យាស្ថាន សរុបប្រមាណជា ១១០នាក់។
ថ្លែងទៅកាន់អ្នកចូលរួមទាំងអស់ លោក ស៊ុំ ធី បានជម្រាបពីគោលបំណងនៃសិក្ខាសាលានេះ ថាដើម្បីធ្វើការផ្សព្វផ្សាយពីមូលនិធិជំនួយឥតសំណងដល់គម្រោងនវានុវត្តន៍ប្រែប្រួលអាកាសធាតុ ចែករំលែកព័ត៌មានស្តីពីដំណើរការរៀបចំឯកសារទស្សនៈទាន និងសំណើសុំផ្តល់មូលនិធិជំនួយឥតសំណងដែលគ្រប់លក្ខណៈ និងគ្រប់ជ្រុងជ្រោយ។ ជាពិសេសជាឱកាសជជែកពិភាក្សាស្តីពីការការគ្រប់គ្រងហិរញ្ញវត្ថុ ចំណេះដឹង ការទំនាក់ទំនង និងសាកសួរព័ត៌មាន ចម្ងល់ មុននឹងចាប់ផ្តើមរៀបចំឯកសារទស្សនៈទាន និងសំណើសុំផ្តល់មូលនិធិជំនួយឥតសំណង។
សូមបញ្ជាក់ថាសិក្ខាសាលានេះ គឺជាការចាប់ផ្តើមសម្រាប់ស្វែងរកស្ថាប័នដែលចាប់អារម្មណ៍ និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងការបង្កើតថ្មីៗ ដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុដូចជា សារពើភណ្ឌ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការបន្ស៊ាំការប្រែប្រួលអាកាសធាតុ ដែលមូលនិធិអាចផ្តល់ថវិកាក្នុងចន្លោះពី៥០០០០(ហាសិបពាន់)ដុល្លាអាមេរិក រហូតដល់ ១០០០០០ (មួយរយពាន់) ដុល្លាអាមេរិក៕