នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង (GCF)  បានរៀបចំសិក្ខាសាលាផ្តល់សុពលភាពស្តីពី ការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (ផ្លូវថ្នល់) និងប្រព័ន្ធធារាសាស្ត្រធន់នឹងការប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាព ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅសណ្ឋាគារអិលប៊ីអិន ខេត្តកំពង់ចាម ចូលរួមដោយ អភិបាលរងខេត្ត និងមន្រ្តីជំនាញពីមន្ទីរនិងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញការជាតិនិងអន្តរជាតិ សរុបចំនួន ៤៥រូប (ស្រី ៧រូប) ក្នុងគោលបំណងប្រមូលធាតុចូលសម្រាប់រៀបចំការសិក្សាបុរេសមិទ្ធិលទ្ធភាព និងអនុម័តសេចក្តីព្រាងឯកសារទស្សនទានមុននឹងដាក់ជូនទៅ មូលនិធិអាកាសធាតុបៃតង (GCF)។ 

ឯកឧត្តម ភាវ សុវុទ្ធី បានលើកឡើងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បញ្ចកោណទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដែលជាវិធីសាស្រ្តរួម និងជាមាគ៌ាឆ្ពោះទៅរកការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គម។ ឯកឧត្តម ក៏បានលើកឡើងពីវិធានការចំនួន៤ របស់ក្រសួងបរិស្ថាន សម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាពរួមមាន៖  ការមិនអត់ឱនចំពោះឧក្រិដ្ឋកម្មធនធានធម្មជាតិ  វិធីសាស្រ្តសហការជាមួយអាជ្ញាធរមូលដ្ឋាន  ការប្រឆាំងអំពើពុករលួយនិងការអនុវត្តច្បាប់ និង ការស្តារព្រៃឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព។ ឯកឧត្តម ក៏បានបញ្ជាក់ពីយុទ្ធសាស្ត្រចក្រាបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ ដែលនឹងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងតម្រង់ទិសដើម្បីអនុវត្តការងារអាទិភាពក្នុងមុំអាទិភាពចំនួនបីគឺ៖ ស្អាត បៃតង និងចីរភាព ឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹតភាពកាបូន។ ក្រសួងបរិស្ថានបានរៀបចំយុទ្ធនាការដោយជោគជ័យក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!» សម្រាប់សាលារៀន និងកម្មកររោងចក្រនៅទូទាំងប្រទេស និងមានអ្នកអនុវត្តជាង ២លាននាក់។ មួយវិញទៀត ក្រសួងបរិស្ថានក៏បានប្រកាសអំពីការដាំកូនឈើចំនួន ១លានដើមក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើរហូតដល់ ៦០% នៅឆ្នាំ២០៥០ ផងដែរ។

ជាលទ្ធផល អង្គសិក្ខាសាលាបានគាំទ្រនិងឯកភាពលើអត្ថន័យនិងខ្លឹមសារ និងបានផ្តល់សុពលភាពលើសេចក្តីព្រាងឯកសារទស្សនទានស្តីពី ការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (ផ្លូវថ្នល់) និងប្រព័ន្ធធារាសាស្ត្រធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់ខេត្តកំពង់ចាម។ ជំហានបន្ទាប់ ក្រុមការងារនឹងបន្តរៀបចំឯកសារទស្សនទានដាក់ជូន GCF ដើម្បីស្វែងរកជំនួយថវិកា។


  • Share on Social Media