នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមការគាំទ្រពី CCCA3 បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍ ស្តីពី ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣ ក្នុងគោលបំណងដើម្បីពិនិត្យសេចក្ដីព្រាងការរៀបចំផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP) ២០២៤-២០៣៣  និងប្រមូលរាល់ធាតុចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីឱ្យការរៀបចំ CCCSP កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាព។ ក្នុងឱកាសបើក ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់អំពីការរៀបចំសេចក្តីព្រាង CCCSP  ២០២៤-២០៣៣ នេះ ដោយផ្តោតលើយុទ្ធសាស្រ្តចំនួន៣ គឺ៖ ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ច។  ឯកឧត្តម បានផ្តល់អនុសាសន៍ឱ្យក្រុមការងារបន្ស៊ីសេចក្តីព្រាងផែនការនេះជាមួយ យុទ្ធសាស្រ្តបញ្ចកោណ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ផែនការចូលរួមចំណែករបស់ថ្នាក់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (NDC) យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងយុទ្ធសាស្រ្តតាមវិស័យ ជាពិសេស ការដាក់បញ្ចូលវិស័យសំណង់អាគារដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការជំរុញការផ្សព្វផ្សាយ និងពង្រឹងប្រព័ន្ធតាមដាននិងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តនេះ ជាដើម។ ជាលទ្ធផល អង្គសិក្ខាសាលាគាំទ្រលើសេចក្តីព្រាងនិងបានផ្តល់យោបល់បន្ថែមមួយចំនួន ហើយក្រុមការងារក៏បានស្នើឱ្យផ្តល់យោបល់បន្ថែមក្នុងករណីបើមានរហូតដល់ថ្ងៃទី២២ ខែមីនា។ សូមបញ្ជាក់ថាអង្គការ UNICEFបានផ្តល់ការគាំទ្របច្ចេកទេសលើការរៀបចំ CCCSP  ២០២៤-២០៣៣ នេះ។ សិក្ខាសាលានេះចូលរួមបិទដោយឯកឧត្តមបណ្ឌិត ហេង ចាន់ធឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្តយុទ្ធសាស្រ្ត។







  • Share on Social Media