នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋាន គោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួង បរិស្ថាន ក្រោមការគាំទ្រពី CCCA3 បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ការសិក្សាលើកទី៤ ស្តីពីការស្វែងយល់ ទស្សនៈសាធារណជនចំពោះការប្រែប្រួល អាកាស ធាតុនៅកម្ពុជា៖ ចំណេះដឹង ឥរិយាបថ និងការអនុវត្ត (KAP4)។ សិក្ខាសាលានេះស្ថិតក្រោម អធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ ក្រសួង បរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម វ៉ាន់ ដារ៉ា សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភានិងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពត និងដោយមានការចូលរួមពី មន្រ្តីនិងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមការងារបច្ចេកទេស ប្រែប្រួល អាកាស ធាតុ ដៃគូអភិវឌ្ឍន៍ ចំនួន៦៦រូប (ស្រី១២រូប)។
ក្នុងឱកាសបើក ឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើង ថាក្រសួង បរិស្ថានបានរៀបចំការសិក្សាស្រាវជ្រាវអំពី ទស្សនៈសាធារណ ជនចំពោះការប្រែប្រួលអាកាស ធាតុនៅ កម្ពុជាចំនួន៣លើករួចមកហើយ ដើម្បីសិក្សា អំពីកម្រិតនៃការផ្លាស់ប្តូរ និងគម្លាតនៃចំណេះដឹង ឥរិយាបថ និងការអនុវត្តរវាង របស់ប្រជាជន កម្ពុជាទាក់ទងនឹង ការប្រែប្រួលអាកាសធាតុ។ តាមរយៈលទ្ធផលបឋម ទោះបីជាកម្រិតការឮពាក្យ «ការប្រែប្រួលអាកាសធាតុ» មានការកើនឡើងយ៉ាងណាក៏ដោយ តែមានប្រជាជនកម្ពុជាតិចតួចប៉ុណ្ណោះ ដែលយល់ដឹងពីអត្ថន័យផ្លូវការ និងត្រៀមខ្លួនក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម សង្កត់ធ្ងន់ថាការជំរុញការការអប់រំ ផ្សព្វផ្សាយ អំពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុពិតជាមាន សារៈសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងនិងជំរុញប្រជាពលរដ្ឋកម្ពុជាក្នុងការធ្វើសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុប្រកប ដោយប្រសិទ្ធភាព។ ឯកឧត្តមបានលើកទឹកចិត្ត ឱក្រសួង ស្ថាប័ន ពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍន៍សហការរៀបចំសំណើគម្រោងបន្ថែមពាក់ព័ន្ធ នឹងការប្រែប្រួលអាកាសធាតុ ជាពិសេស ចូលរួមគាំទ្រយុទ្ធនាការសម្អាតបឹងទន្លេសាប និងការដាំដើមឈើឡើងវិញដើម្បី លើកកម្ពស់ ភាពស្អាត បៃតង និងចីរភាព។ ជាលទ្ធផលអង្គសិក្ខាបានយល់ ស្របនូវលទ្ធផល បឋមរបស់ការសិក្សានេះ បន្ថែមលើសពីនេះអ្នកចូលរួមបានផ្តល់នូវគំនិតយោបល់ ការឆ្លុះបញ្ចាំង និងសកម្មភាពជាក់ស្តែងពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាសង្គតិភាពនិងភាពច្បាស់លាស់ នៃរបាយការណ៍នេះមុននឹងធ្វើការ ផ្សព្វផ្សាយ ជា ផ្លូវការ នាពេលខាងមុខ។ សិក្ខាសាលានេះចូលរួមបិទដោយ ឯកឧត្តមបណ្ឌិត ហេង ចាន់ធឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត។