នារសៀលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមការគាំទ្រពីកម្មវិធី​សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រតិបត្តិលើកទី៣ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាភិបាល CCCA3 ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិ តំណាងពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរ៉ែនិងថាមពល  និងដៃគូអភិវឌ្ឍន៍រួមមាន៖ សហភាពអឺរ៉ុប(EU) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ព្រមទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ប្រទេសកម្ពុជាបានប្រឈមផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ១៩ ប៉ុន្តែក្រោមការដឹកនាំយ៉ាងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា យើងអាចគ្រប់គ្រងបានទាំងស្រុង ហើយបានបង្ហាញពីការងើបឡើងកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។  ជំងឺកូវីដ១៩បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ប៉ុន្តែផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុកាន់តែបង្កហានិភ័យខ្លាំងក្លានិងយូរអង្វែងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងផែន​ការអភិវឌ្ឍន៍របស់ប្រទេស ដូចនេះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមគួរតែត្រូវគិតគូរអំពីភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាហានិភ័យចំពោះសុខភាពផ្សេងៗទៀត។

ឯកឧត្តមបានបង្ហាញពីសកម្មភាព និងកិច្ចសហការសំខាន់ៗជាមួយក្រសួងពាក់ព័ន្ធក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិងការលើកកម្ពស់សេដ្ឋកិច្ច រួមមានការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងកិច្ចសហការជាមួយវិស័យឯកជន។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថាដើម្បីដោះស្រាយការប្រែប្រួលអាកាធាតុនិងការគ្រប់គ្រងធនធានធម្មជាតិយើងត្រូវកសាងសេដ្ឋកិច្ចគ្រួសារ បង្កើតឱកាសទីផ្សារ និងកសាងសេដ្ឋកិច្ចតំបន់ជនបទ។  ក្នុងឱកាសនោះដែរ លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានបង្ហាញការគាំទ្រ និងកោតសរសើរអំពីសមិទ្ធផលសំខាន់ៗលើការដោះស្រាយការប្រែប្រួលអាកាសធាតុរបស់រាជរដ្ឋាភិបាល។ លោកជំទាវក៏បានបង្ហាញអំពីកម្មវិធីសហភាពអឺរ៉ុបឆ្នាំ២០២១-២០២៧ មានទឹកប្រាក់សរុប១៥៥លានដុល្លារសហរដ្ឋអាមេរិកសម្រាប់វិស័យសំខាន់ៗចំនួន០៣រួមមាន៖ ការអភិវឌ្ឍបៃតងនិងការងារសមរម្យ ការអប់រំនិងបំណិន និងអភិបាលកិច្ចល្អ។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើសមិទ្ធផលការងារសម្រេចបានសំខាន់ៗរបស់CCCA3 ក្នុងឆ្នាំ២០២១ និងបានអនុម័តលើផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣។ កិច្ចប្រជុំក៏បានពិភាក្សា អំពីផែនការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅកម្ពុជា វឌ្ឍនភាពនៃការរៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការអនុវត្តគម្រោងមូលនិធិជំនួយឥតសំណងនវានុវត្តន៍ ការសិក្សាស្រាវជ្រាវ និងកិច្ចសហការរវាងអន្តរក្រសួង ដើម្បីភ្ជាប់ទំនាក់ទំនងគោលនយោបាយនិងហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហភាពអឺរ៉ុបក្នុងវិស័យបរិស្ថាននិងសង្គម សម្រាប់ឆ្នាំ២០២១-២០២៧។










  • Share on Social Media