កិច្ចប្រជុំពិភាក្សាលើ គម្រោងសំណើរៀបចំបង្កើតស្ថាប័នហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance Facility)

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើ គម្រោងសំណើរៀបចំបង្កើតស្ថាប័នហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance Facility) នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ កិច្ចប្រជុំនេះមាន ការចូលរួមពី ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB តំណាងធនាគារជាតិកម្ពុជា និង តំណាងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុជាច្រើនក្នុងប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិភាក្សាក្នុងការរៀបចំបង្កើតស្ថាប័នហិរញ្ញប្បទានអាកាសធាតុកម្ពុជា និងពីដំណើរនិតិវិធីផ្តល់ហិរញ្ញប្បទាប និងកម្ចីទៅឱ្យវិស័យឯកជនក្នុងការចួលរួមអនុវត្តគម្រោងបៃតងនានា និងគម្រោងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលបញ្ចេញកាបូនតិច ហើយ ដែលធន់នឹងអាកាសធាតុលើវិស័យអាទិភាពរួមមាន ព្រៃឈើនិងការប្រើប្រាស់ដី កសិកម្ម ធនធានទឹក ថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល និងការដឹកជញ្ជូនព្រមទាំងរួមចំណែក គាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្រុមហ៊ុន Mekong Strategic Partner បានធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សា ស្តីពីការបង្កើត ស្ថាប័នហិរញ្ញប្បទានអាកាសធាតុកម្ពុជា និងបានប្រមូលធាតុចូលពីវិស័យឯកជន ជាពិសេសមតិយោបល់ និងអនុសាសន៍ដ៏មានសារៈប្រយោជន៍ពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ARDB។












 

  • Share on Social Media