«ពីធីប្រគល់ជ័យលាភីការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា» ដល់ប្រតិបត្តិករជ័យលាភីមកពីវិស័យឯកជន វិស័យសាធារណៈ និងគ្រឹះស្ថានសិក្សា ត្រូវបានរៀបចំឡើង ក្រោមអធិតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Pellet Jacques ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក Bryan Fornari ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុប, លោកស្រី Alissar Chaker តំណាង UNDP ប្រចាំនៅកម្ពុជា, ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, តំណាង Schneider Electric និងអ្នកពាក់ព័ន្ធ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន។

ថ្លែងនាឱកាសនោះ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «កម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា» ជាកម្មវិធីដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា លើការប្រកួតប្រជែងប្រសិទ្ធភាពថាមពលសម្រាប់អគារសាធារណៈ និងឯកជន។ គោលបំណងសំខាន់នៃការប្រកួតប្រជែងនេះគឺផ្តោតលើទិដ្ឋភាពផ្សេងគ្នានៃប្រសិទ្ធភាពថាមពល រាប់ចាប់តាំងពីអ្នកប្រើប្រាស់ និងការផ្លាស់ប្តូរការអនុវត្ត និងអាកប្បកិរិយាប្រចាំថ្ងៃ។

ឯកឧត្តមបានបន្ថែមថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ អាទិភាពចម្បងរបស់ប្រទេសកម្ពុជា គឺការកសាងភាពធន់ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយនូវរាល់ផលប៉ះពាល់ដែលបណា្តលមកពីការប្រែប្រួលអាកាសធាតុមកលើសុខភាព ហេដ្ឋារចនាសម្ព័ន្ធ និងផលិតភាពកសិកម្ម។ ទោះបីប្រទេសកម្ពជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែរដ្ឋាភិបាលបានបង្កើនការប្តេជ្ញាចិត្តរបស់ខ្លួនប្រកបដោយយុទ្ធសាស្រ្តជាក់លាក់ ដើម្បីរួមចំណែកជាសាកលក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

យោងតាមការវិភាគរបស់យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនឆ្នាំ២០២១ បានបង្ហាញថា ប្រសិទ្ធភាពថាមពលជាជម្រើសដ៏មានប្រសិទ្ធភាពបំផុត លំដាប់ទីបី ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ បន្ថែមលើសពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ប្រសិទ្ធភាពថាមពល អាចរួមចំណែកដល់ការកសាងភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។

គួរបញ្ជាក់ថា ជ័យលាភីនាឱកាសនោះ រួមមាន ចំណាត់ថ្នាក់លេខ១សម្រាប់អគារឯកជន ចំណាត់ថ្នាក់លេខ២សម្រាប់អគារឯកជន ចំណាត់ថ្នាក់លេខ៣សម្រាប់អគារឯកជន ជ័យលាភីសាកលវិទ្យាល័យ រង្វាន់ពិសេសសម្រាប់ក្រុមបៃតងល្អបំផុត រង្វាន់ពិសេសសម្រាប់ការផ្សព្វផ្សាយល្អបំផុត រង្វាន់ពិសេសសម្រាប់ក្រុមហ៊ុនសន្សំសំចៃខ្ពស់ និងក្រសួងចំនួនបីដែលបានចូលរួម គឺក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕














  • Share on Social Media