នារសៀលថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) បានរៀបចំកិច្ចប្រជុំលើកទី៤ ក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាភិបាលCCCA3 ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិ តំណាងពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរ៉ែនិងថាមពល  និងដៃគូអភិវឌ្ឍន៍រួមមាន៖ សហភាពអឺរ៉ុប(EU) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលជាច្រើនរបស់ CCCA ដែលបាននិងកំពុងអនុវត្តសកម្មភាព និងវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា រយៈពេលជិតពីរទសវត្សរ៍ កន្លងមក។ សមិទ្ធផលទាំងនេះ បានផ្តល់នូវសញ្ញាណជាវិជ្ជមានចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសការយល់ដឹងនិងការគិតគូរពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដែលប្រការទាំងនេះអាចកើតឡើងដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនម៉ាក្រូសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ។  ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងបញ្ហារហោស្ថានកម្ម និងការអភិវឌ្ឍធនធានមនុស្ស ជារបៀបរវារៈសំខាន់ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កម្ពុជានាពេលបច្ចុប្បន្ន។  

ឯកឧត្តមបានចង្អុលបង្ហាញពីសកម្មភាព និងកិច្ចសហការសំខាន់ៗជាមួយក្រសួងពាក់ព័ន្ធក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ រួមមាន៖ ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ការលើកកម្ពស់គោលនយោបាយគាំពារសង្គម ការជំរុញហិរញ្ញប្បទានបៃតង កិច្ចសហការជាមួយវិស័យឯកជន ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការពង្រឹងសមត្ថភាពក្រសួងស្ថាប័នលើការងារប្រែប្រួលអាកាសធាតុ តាមរយៈការគិតគូរលើការបណ្តុះបណ្តាលមន្រ្តីពាក់ព័ន្ធ អំពីការប្រែប្រួលអាកាសធាតុ នៅសាលាភូមិន្ទរដ្ឋបាល និងសាលាយោធា ជាដើម។ ឯកឧត្តមបានស្នើឱ្យក្រុមការងារទទួលយករាល់មតិយោបល់របស់អន្តរក្រសួង និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើនប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តគម្រោង ក៏ដូចជាការរៀបចំគោលនយោបាយពាក់ព័ន្ធ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងធានានូវការអភិវឌ្ឍប្រកបដោយចីរភាព។ 

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើសមិទ្ធផលការងារសំខាន់ៗរបស់CCCA3 ក្នុងឆ្នាំ២០២២ និងបានអនុម័តលើផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៣-២០២៤។ កិច្ចប្រជុំក៏បានពិភាក្សា អំពីផែនការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅកម្ពុជា វឌ្ឍនភាពនៃការរៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការអនុវត្តគម្រោងមូលនិធិជំនួយឥតសំណងនវានុវត្តន៍ ការសិក្សាស្រាវជ្រាវ និងកិច្ចសហការរវាងអន្តរក្រសួង ដើម្បីភ្ជាប់ទំនាក់ទំនងគោលនយោបាយនិងហិរញ្ញវត្ថុ និងដំណើរការរៀបចំ CCCA ជំហានបន្ទាប់។














 

  • Share on Social Media