ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំជាមួយតំណាង ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិភាក្សា និងចែករំលែកព័ត៌មានអំពីដំណើការនៃការរៀបចំរបាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (NDC update process)។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីប្រមូលធាតុចូលពីគ្រប់ស្ថាប័នពាក់ព័ន្ធសម្រាប់រៀបចំរបាយការណ៍ “បច្ចុប្បន្នភាពទាក់ទងនឹងការចូលរួមរបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ” សំដៅឱ្យរបាយការណ៍នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានតម្លាភាព និងបានទាន់ពេលវេលាកំណត់។
សូមបញ្ជាក់ថា រដ្ឋាភិបាលបានរៀបចំនិងដាក់ជូននូវរបាយការណ៍ NDC ដើម្បីចូលរួមចំណែកអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុនៅឆ្នាំ២០១៥ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងរៀបចំរៀបចំរបាយការណ៍បច្ចុប្បន្នភាព NDC ដែលត្រូវដាក់ជូនទៅអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅក្នុងសន្និសីទលើកទី២៦។
គួរកត់សម្គាល់ផងដែរថា ការប្រែប្រួលអាកាសធាតុជាបញ្ហាប្រឈមមួយសម្រាប់ពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍តិចតួច ដែលសមត្ថភាពបន្ស៊ាំ ធនធានមនុស្ស ហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅមានកម្រិតក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕