ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយចីរភាព (ក.ជ.អ.ច.) បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំជាមួយ​តំណាង ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ដើម្បីពិភាក្សា និង​​ចែករំលែក​ព័ត៌មាន​អំពី​ដំណើការ​​នៃ​ការរៀបចំ​​របាយការណ៍​​បច្ចុប្បន្នភាព​​នៃ​ការចូលរួម​​ចំណែក​​របស់​ជាតិ​ដើម្​បីអនុវត្ត​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ (NDC update process)។

កិច្ចប្រជុំនេះធ្វើឡើង​ដើម្បីប្រមូលធាតុចូលពីគ្រប់ស្ថាប័នពាក់ព័ន្ធសម្រាប់រៀបចំ​របាយការណ៍ “បច្ចុប្បន្នភាព​​ទាក់ទង​នឹង​​ការចូលរួម​​របស់ជាតិ​ដើម្បី​អនុវត្ត​អនុសញ្ញា​ក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ” សំដៅ​ឱ្យ​របាយការណ៍​នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានតម្លាភាព និងបានទាន់ពេលវេលាកំណត់។

រដ្ឋាភិបាល​​បានរៀបចំ​និងដាក់ជូននូវរបាយការណ៍ NDC ដើម្បី​ចូលរួម​ចំណែក​អនុវត្ត​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុនៅឆ្នាំ២០១៥ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កំពុង​រៀបចំ​រៀបចំ​របាយការណ៍បច្ចុប្បន្នភាព NDC ដែល​ត្រូវ​ដាក់​ជូន​ទៅ​អនុសញ្ញា​ក្រប​ខណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុនៅក្នុងសន្និសីទលើកទី២៦។

គួរកត់សម្គាល់ផងដែរថា ការប្រែប្រួលអាកាសធាតុជាបញ្ហាប្រឈមមួយសម្រាប់ពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍តិចតួច ដែលសមត្ថភាពបន្ស៊ាំ ធនធានមនុស្ស ហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅមានកម្រិតក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

  • Share on Social Media