នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដែលហៅកាត់ថា CCCA3 បានរៀបចំកិច្ចប្រជុំលើកទី១ក្រុមប្រឹក្សាភិបាលប្រតិបត្តិរបស់ខ្លួននៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាភិបាលកម្មវិធី CCCA3 និងដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិ តំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរ៉ែ និងថាមពល និងដៃគូរអភិវឌ្ឍន៍រួមមាន៖ សហភាពអឺរ៉ុប(EU) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា(UNDP) និងស្ថានទូតស៊ុយអែត (Sweden) ព្រមទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានាផងដែរ។
កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើសមិទ្ធិផលសម្រេចបានសំខាន់ៗក្នុងឆ្នាំ២០១៩ និងបានអនុម័តលើផែនការសកម្មភាពសម្រាប់ទិសដៅបន្តឆ្នាំ២០២០។ កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីការកាត់ បន្ថយឧស្ម័នផ្ទះកញ្ចក់តាមវិស័យ និងការលើកកម្ពស់ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព សំណង់អាគារបៃតង ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងដំណើការថវិកាជាតិ និងការសាងសង់ផ្លូវដែលធន់នឹងអាកាសធាតុជាដើម៕