នារសៀលថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA3) បានរៀបចំសិក្ខាសាលាប្រកាសជាផ្លូវការស្ដីពី «ការណែនាំការរៀបចំសំណើគម្រោងសម្រាប់មូលនិធិជំនួយឥតសំណងនវានុវត្តន៍ការប្រែប្រួលអាកាសធាតុជុំទី២» ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងក្រសួង ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានសិក្សា អង្គការមិនមែនរដ្ឋាភិបាល វិស័យ​ឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗចំនួនប្រមាណ ៥០នាក់ (១៦ស្រីនាក់)។ សិក្ខាសាលានេះ មានគោលបំណងដើម្បី ធ្វើការផ្សព្វផ្សាយពីជំនួយឥតសំណងសម្រាប់គម្រោងនវានុវត្តន៍ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ចែករំលែកព័ត៌មានស្តីពី ដំណើរការរៀបចំឯកសារទស្សនៈទាន និងសំណើសុំគម្រោងដែលគ្រប់លក្ខណៈ និងគ្រប់ជ្រុងជ្រោយ។

លោកបណ្ឌិត ហាក់ ម៉ៅ បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ បានក្លាយជាឧបសគ្គ និងជាការ​គំរាមកំហែងដល់ពិភពលោក និងប្រទេសកម្ពុជាដែលទាមទារឱ្យមានយន្តការការដោះស្រាយ​យ៉ាងមាន​ប្រសិទ្ធភាព​។ សម្រាប់កម្ពុជាទស្សនៈទាននៃការលើក​​​​សំណើគម្រោង​គួរផ្តោតលើបច្ចេកវិទ្យា និងវិធីសាស្រ្ត​ដែល​ចូលរួម​ដោះស្រាយនូវបញ្ហា   ដែល​​ជួប​ប្រទះ​ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ជាពិសេស​សកម្មភាព​​​ ​បន្ស៊ាំ។  គម្រោងនេះ នឹងផ្តល់ឱកាសដល់ស្ថាប័នដែលចាប់អារម្មណ៍ និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុដូចជា ការៀបចំសារពីភ័ណ្ឌ និង​ការកាត់បន្ថយឧស្ម័ន្នផ្ទះកញ្ចក់ ការបន្ស៊ាំការប្រែប្រួលអាកាសធាតុដែលមូលនិធិអាចផ្តល់ថវិកាក្នុងចន្លោះពី ៥ម៉ឺន​ រហូតដល់ ១០ ម៉ឺនដុល្លាអាមេរិក។ គ្រប់ក្រសួងស្ថាប័ន គ្រឹះស្ថានឧត្តមសិក្សា វិទ្យាស្ថានស្រាវជ្រាវ ​អង្គការសង្គមស៊ីវិល និងវិស័យឯកជនទាំងអស់មានសិទ្ធក្នុងការដាក់ឯកសារទស្សនៈទាន និង​សំណើសុំគម្រោងមកក្រុមការងារប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (GSSD)។ ក្នុងដំណើរការជ្រើសរើសនឹងមានការចូលរួមដោយអ្នកជំនាញការឯករាជ្យ តំណាងស្ថាបន័/អង្គភាពជំនាញ ដើម្បីធ្វើការពិនិត្យ និងសម្រេចប្រកបដោយភាពសុក្រឹត្យ និង​យុត្តិធម៌។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះមានគម្រោងចំនួន៦ហើយដែលទទួលបានជោគជ័យ និងកំពុងត្រូវបានអនុវត្តគម្រោងក្រោមមូលនិធិជំនួយឥតសំណងនវានុវត្តន៍ការប្រែប្រួលអាកាសធាតុរបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពជាដំណាក់កាលទី៣(CCCA3)។

សម្រាប់ព័ត៌មានលម្អិតអំពី ការណែនាំការរៀបចំសំណើគម្រោង សូមចុច linkខាងក្រោមhttps://ncsd.moe.gov.kh/tenders-jobs/CCCA3CallforProposals

កម្រងរូបភាព: https://ncsd.moe.gov.kh/resources/album/2020-10-27_Grant-call-proposals

  • Share on Social Media