នាថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី «គោលការណ៍ណែនាំអនុវត្តន៍គម្រោងជំនួយឥតសំណងរបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា» ក្រោមការដឹកនាំនិងសម្របសម្រួលរបស់ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ តំណាងឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័ន សាកលវិទ្យាល័យដៃគូ និងដៃគូអនុវត្តន៍គម្រោងនានា ព្រមទាំងអ្នកពាក់ព័ន្ធ សរុបចំនួនប្រមាណ ៣៨នាក់ (ស្រី ១៦នាក់)។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី បណ្តុះបណ្តាលពីរបៀបនៃការអនុវត្តគម្រោង ការធ្វើរបាយការណ៍ ការគ្រប់គ្រងហិរញ្ញវត្ថុ លទ្ធកម្ម ការតាមដាននិងវាយតម្លៃទៅតាមគោលការណ៍ នីតិវិធីក្នុងការអនុវត្តគម្រោងជំនួយឥតសំណងពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុដំណាក់កាលទី៣។
លោកបណ្ឌិត ហាក់ ម៉ៅ បានលើកឡើងថាសិក្ខាសាលា នេះជាជំហាននៃការចាប់ផ្តើមអនុវត្តន៍គម្រោងបន្តក្រោយការជ្រើសរើសពីការផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងនវានុវត្តន៍ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុជុំទី១ ពីក្រសួង ស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងគ្រឹះស្ថានឧត្តមសិក្សា រួមទាំងវិស័យឯកជនផងដែរជាវិស័យអាទិភាព។ ប្រការនេះជា ឱកាសលើកទី១ សម្រាប់អ្នកដែលជោគជ័យក្នុងការទទួលអនុវត្តគម្រោងបានជួបគ្នាដើម្បីរៀនសូត្រ និងចែករំលែកបទពិសោធន៍ពីការអនុវត្តគម្រោងរបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុដំណាក់កាលទី៣។ លោកបណ្ឌិត ហាក់ ម៉ៅ បានលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់ មេត្តាយកចិត្តទុកដាក់ស្តាប់ ចែករំលែកការអនុវត្តល្អៗ និងលើកជាសំនួរទៅកាន់វាគ្មិន ដើម្បីស្វែងយល់ឱ្យច្បាស់ពីគោលការណ៍ បទពិសោធន៍ និងនីតិវិធីក្នុងការអនុវត្តគម្រោងដែលផ្តល់មូលនិធិដោយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុដំណាក់កាលទី៣នេះ។
កម្រងរូបភាព: https://ncsd.moe.gov.kh/kh/resources/album/2020-10-28_GIG-Training