នាព្រឹកថ្ងៃសុក្រ ៨រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី0២ ខែកក្កដា ឆ្នាំ២០២១ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ (ក.ជ.អ.ច.) ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ (CCCA) បានរៀបចំសិក្ខាសាលាប្រកាសបើកជាផ្លូវការដំណើរការរៀបចំ «យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអាព្យាក្រឹតកាបូននៅកម្ពុជា» តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន​ ឯកឧត្តមបណ្ឌិត វ៉ាន់ មុនីនាថ អគ្គលេខាធិការ ក.ជ.អ.ច. លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិក ក.ជ.អ.ច. សមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ស្ថាប័នសិក្សា និងអ្នកពាក់ព័ន្ធផ្សេងៗចំនួនប្រមាណ ១៥៣ រូ​ប។

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម ទិន ពន្លក បានគូសបញ្ជាក់ថា កិច្ចការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាប្រកាសនៅក្នុងកិច្ចប្រជុំកំពូល ស្តីពីមហិច្ឆតាអាកាសធាតុរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ថាកម្ពុជានឹងមានយុទ្ធសាស្ត្ររយៈពេលវែងនេះនៅដំណាច់ឆ្នាំ ២០២១ សម្រាប់ន្និសីទបណ្តាភាគីទី២៦នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (UNFCCC)។ នៅថ្ងៃទី៣១ ខែមីនា ២០២១ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីណែនាំ តម្រូវឱ្យក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដឹកនាំក្នុងការរៀបចំជាផ្លូវការយុទ្ធសាស្រ្តនេះ។ ឯកឧត្តមបានបន្ថែមទៀតថា ការរាតត្បាតមេរោគកូវីដ ១៩ និងការប្រែប្រួលអាកាសធាតុមានលក្ខណៈកាន់តែខ្លាំងឡើងៗ ហើយរាជរដ្ឋាភិបាលកំពុងតែរៀបចំផែនការលើកកម្ពស់ការស្តារបៃតងឡើងវិញប្រកប​ដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ១៩។

ឯកឧត្តម ក៏បានលើកឡើងអំពីសាវតារមួយចំនួនលើការងារប្រែប្រួលអាកាសធាតុរួមមាន៖ ឆ្នាំ១៩៩២  កិច្ចប្រជុំកំពូលរបស់មេដឹកនាំពិភពលោក នៅទីក្រុងរីយ៉ូ (Rio) បានឯកភាពលើអនុសញ្ញាធំៗចំនួនបី ដែលក្នុងនោះ អនុសញ្ញា UNFCCC ត្រូវបានបង្កើតឡើងដើម្បីរក្សាកំហាប់ឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាសឱ្យស្ថិតនៅកម្រិតដែលមិនបណ្តាលឱ្យប៉ះពាល់ដល់ប្រព័ន្ធអាកាសធាតុភពផែនដី។ អនុសញ្ញានេះក៏បានបញ្ជាក់ពីគោលការណ៍ទទួលខុសត្រូវរួមគ្នា ក្នុងកម្រិតផ្សេងគ្នាអាស្រ័យតាមកម្រិតនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងសមត្ថភាព ធនធានរបស់ប្រទេសនីមួយៗក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម ក៏បានបន្ថែមទៀតថា នៅឆ្នាំ១៩៩៧ ប្រទេសជាសមាជិកអនុសញ្ញា UNFCCC ទាំងអស់បានឯកភាពលើពិធីសារក្យូតូដែលតម្រូវឱ្យប្រទេសសេដ្ឋកិច្ចជឿនលឿន ចំនួន៣៧ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសឱ្យបាន៥% ធៀបនឹងកម្រិតដែលបានបញ្ចេញក្នុងឆ្នាំ១៩៩០។ ប្រទេសកម្ពុជាបានចូលជាសមាជិកនៃពិធីសារនេះនៅឆ្នាំ២០០២ នាកិច្ចប្រជុំ (Rio+20) ដែលកាលនោះ សម្តេច ក្រហាឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះ និងបានយកលិខិតតូបការ​ផ្តល់សច្ចាប័នទៅតម្តល់នៅអង្គការសហប្រជាជាតិនាពេលនោះ ដើម្បីចូលរួមអនុវត្តផែនការសកម្មភាព និងគម្រោងនានាឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ 

ឯកឧត្តម ទិន ពន្លក បានគូសបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីអាកាសធាតុត្រូវបានអនុម័តនៅក្នុងសន្និសីទកំពូលលើកទី២១​  នាខែធ្នូ ឆ្នាំ២០១៥ ដែលប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិបានឯកភាពរក្សាឱ្យបានកំណើនកម្តៅផែនដីឱ្យនៅកម្រិតទាបជាង២ អង្សាសែសសឺស និងបន្តឱ្យនៅត្រឹម ១,៥ អង្សាសែសសឺស បើប្រៀបធៀបទៅនឹងកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម ដើម្បីកាត់បន្ថយនូវហានិភ័យ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ បើទោះបី ប្រទេសកម្ពុជា ជាប្រទេសចូលរួមចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក៏ដោយតែកម្ពុជាបានចូលរួមចំណែកដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នស​កល និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមធនធាននិងសមត្ថភាពរបស់យើង ដោយបានរៀបចំ និងដាក់ជូនរបាយការណ៍ការចូលរួមចំណែករបស់ជាតិលើកទី១ទៅលេខាធិការដ្ឋានអនុសញ្ញា UNFCCC នៅឆ្នាំ២០១៥ និងដាក់ជូនរបាយការណ៍បច្ចុប្បន្នភាព (Updated NDC) ទៅលេខាធិការដ្ឋាន UNFCCC នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ របាយការណ៍បច្ចុប្បន្នភាពនោះ មានដាក់បញ្ចូលគោលដៅថ្មីនិងច្បាស់លាស់ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័ននៅកម្ពុជាដោយកំណត់ឱ្យបាន ៤១,៧% ត្រឹមឆ្នាំ២០៣០ ដោយធៀបទៅនឹងការព្យាករតាមទម្លាប់ធម្មតា  (BAU)។ ការប្តេជ្ញាចិត្តកាត់បន្ថយការប្រែប្រួលអាកាសធាតុរបស់កម្ពុជាដែលមានចែងនៅក្នុង Updated NDC នោះ ក៏គ្របដណ្តប់លើវិស័យផ្សេងៗទៀតដែរ ដូចជាវិស័យកសិកម្ម និងការគ្រប់គ្រងសំណល់។

ឯកឧត្ដម បានបន្ថែមទៀតថា សកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ គឺជាការងារមួយដែលយើងត្រូវការទស្សនវិស័យរយៈពេលវែងឆ្ងាយ និងគោលដៅប្រកបដោយមហិច្ឆតា។ នេះគឺជាមូលហេតុដែលបណ្តាប្រទេសនានាត្រូវបានស្នើឱ្យបង្កើតយុទ្ធសាស្រ្តអភិវឌ្ឍការបញ្ចេញឧស័្មនទាបក្នុងរយៈពេលវែងនេះឡើង ហើយយុទ្ធសាស្រ្តនេះនឹងបង្ហាញផ្លូវដែលអាចឈានដល់អព្យាក្រឹតកាបូនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ។​​ របាយការណ៍នេះ នឹងត្រូវដាក់ជូនកាន់លេខាធិការដ្ឋាន UNFCCC មុនកិច្ចប្រជុំ COP26 ដែលគ្រោងរៀបចំនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ របាយការណ៍នេះរៀបចំដោយមានការសិក្សា និងវាយតម្លៃ អំពី​ស្ថានភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន ស្របតាមបរិបទនៃប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ដោយកាត់បន្ថយការបញ្ចេញឧស្ម័ន ហើយទីបំផុតទទួលបាននូវអព្យាក្រឹតកាបូន។ ឯកឧត្តមក៏បានស្នើសុំឱ្យមានការចូលរួមសហការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធក្នុងដំណើរការរៀបចំនេះដោយសារយើងមានរយៈពេលតែ៤ខែប៉ុណ្ណោះដើម្បីបញ្ចប់ការងារនេះ។








 

  • Share on Social Media