គោលនយោបាយ និងផែនការប្រែប្រួលអាកាសធាតុ

រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការសំខាន់ៗដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុទាំងក្នុងគោលនយោបាយនិងដំណើរការរៀបចំស្ថាប័ន។ កាលប្បវត្តិនៃកិច្ចខិតខំប្រឹងប្រែងកន្លងមកមានបង្ហាញដូចខាងក្រោម គឺជាការកំណត់សម្គាល់សំខាន់ៗអំពីក្របខ័ណ្ឌគោលនយោបាយរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ឆ្នាំ១៩៩៥៖ ព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) 

ឆ្នាំ២០០២៖ កម្ពុជាបានក្លាយជាសមាជិកនៃពិធីសារក្យូតូនិងបានដាក់ជូននូវរបាយការណ៍ជាតិលើកទី១ (INC) ទៅសន្និសិទបណ្តាភាគីលើកទី៨ ក្រោមUNFCCC

ឆ្នាំ២០០៣៖ ការិយាល័យប្រែប្រួលអាកាសធាតុត្រូវបានបង្កើតឡើងនៅក្រសួងបរិស្ថាន។ បន្ទាប់មកការិយាល័យនេះបានក្លាយជានាយកដ្ឋានប្រែប្រួលអាកាសធាតុក្នុងឆ្នាំ២០១០។

ឆ្នាំ២០០៦៖ រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាកាសធាតុ(NCCC)ដែលជាស្ថាប័នកម្រិតខ្ពស់សម្រាប់រៀបចំគោលនយោបាយ  និងរៀបចំកម្មវិធីសកម្មភាពជាតិបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ (NAPA) ដែលរួមមានគម្រោងអាទិភាពសម្រាប់បញ្ចូលទៅក្នុងផែនការជាតិឬផែនការមូលដ្ឋាន។ បន្ទាប់មកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ(CCTT) ត្រូវបានបង្កើតឡើងជាមួយការទទួលខុសត្រូវលើសកម្មភាពបច្ចេកទេសនិងការផ្តល់មតិយោបល់ដល់ NCCC 

ឆ្នាំ២០០៩៖ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ(NSDP) បច្ចុប្បន្នភាពឆ្នាំ២០០៩­-­២០១៣ ជាលើកដំបូងបានដាក់បញ្ចូលការប្រែប្រួលអាកាសធាតុ។ NSDP បានសង្កត់ធ្ងន់ថាដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពបញ្ហាប្រែប្រួលអាកាសធាតុ  សមត្ថភាពរបស់ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាត្រូវតែពង្រឹងដើម្បីកំណត់អត្តសញ្ញាណនិងរៀបចំផែនការយុទ្ធសាស្រ្តដើម្បីដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយ និងជាពិសេសស្នើ្យរៀបចំយុទ្ធសាស្រ្តជាតិនិងផែនការសកម្មភាពសម្រាប់ការប្រែប្រួលអាកាសធាតុ។

ឆ្នាំ២០១៣៖ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាបានអនុម័តផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា២០១៤­២០២៣ ដែលនាំឱ្យមានការរៀបចំក្របខ័ណ្ឌចាំបាច់នានាដូចជាការត្រួតពិនិត្យនិងវាយតម្លៃ ហិរញ្ញវត្ថុ បទដ្ឋានច្បាប់ និង ការគ្រប់គ្រងព័ត៌មាននិងចំណេះដឹង។ នៅឆ្នាំ២០១៤­២០១៥ ក្រសួងស្ថាប័នចំនួន១៤ បានអនុម័តលើផែនការសកម្មភាពប្រែប្រួលអាកាសធាតុតាមវិស័យរបស់ខ្លួន ហើយបានចាប់ផ្តើមអនុវត្តសកម្មភាពអាទិភាពចាប់ពីពេលនោះមក។

 

ឆ្នាំ២០១៤៖ បញ្ហាប្រែប្រួលអាកាសធាតុត្រូវបានកំណត់ជាបញ្ហាអន្តរវិស័យនិងបញ្ជ្រាបទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៤­-­២០១៨ ជាមួយគ្នានោះដែរមានក្រសួងមួយចំនួនបានដាក់បញ្ចូលវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅក្នុងអាទិភាពរបស់ស្ថាប័ន។

ឆ្នាំ២០១៥៖ ការរៀបចំសា្ថប័នថ្មីសម្រាប់ការប្រែប្រួលអាកាសធាតុបាននាំមកនូវការច្របាច់បញ្ចូលគ្នារវាងក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការជាតិចំនួនបួន ដើម្បីបង្កើតក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនិងអគ្គលេខាធិការដ្ឋានរបស់ខ្លួនដែលរួមមាននាយកដ្ឋានប្រែប្រួលអាកាសធាតុ។ រដ្ឋាភិបាលបានដាក់ជូននូវរបាយការណ៍ជាតិលើកទីពីរទៅ UNFCCC 

ឆ្នាំ២០១៦៖ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីការប្រែប្រួលអាកាសធាតុ។ មុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស កម្ពុជាបានដាក់ជូននូវរបាណការណ៍(I)NDC ទៅUNFCCC

ឆ្នាំ២០១៧៖ ក្រសួងផែនការនិងក្រសួងមហាផ្ទៃបានចេញនូវសេចក្តីណែនាំបច្ចេកទេសសម្រាប់បញ្ជ្រាបការប្រែប្រួលអាកាសធាតុនៅដំណើរការរៀបចំផែនការថ្នាក់ក្រោមជាតិ។ នៅថ្នាក់ជាតិ ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុត្រូវបានបង្កើតឡើងនិងបានជួបប្រជុំជាទៀងទាត់។

ឆ្នាំ២០១៨៖ យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ (២០១៩­-­២០២៣) បានដាក់បញ្ចូលការប្រែប្រួលអាកាសធាតុនៅក្នុងចតុកោណទី៤ "ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន"។ នេះត្រូវនឹងមុំទី៤ "ការធានាចីរភាពបរិស្ថាន និង ការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ" ដែលជាក្របខណ្ឌគោលនយោបាយសម្រាប់បញ្ជ្រាបការប្រែប្រួលអាកាធាតុទៅក្នុង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩­-­២០២៣។

ឆ្នាំ២០១៩៖ ការធ្វើមូលដ្ឋានីយកម្មនៃ SDG១៣ ត្រូវបានបញ្ចប់ដោយកំណត់បាននូវសូចនាករចំនួន ៥ ស្តីពីការប្រែប្រួលអាកាសធាតុ។ MOP ដោយមានការគាំទ្រពី DCC ខិតខំប្រឹងប្រែងយ៉ាងម៉ត់ចត់ក្នុងការតម្រង់សូចនាករប្រែប្រួលអាកាសធាតុរបស់ SDG១៣ ជាមួយសូចនាករ NSDP ២០១៩­-­២០២៣ ។

ឆ្នាំ២០១៩៖ សេចក្តីព្រាងក្រមធនធានធម្មជាតិនិងបរិស្ថាន បានដាក់ចេញនូវមាតិកាស្តីពីការប្រែប្រួលអាកាសធាតុ។ នៅពេលដែលក្រមENR ត្រូវបានអនុម័ត មាតិកាស្តីពីការប្រែប្រួលអាកាសធាតុនឹងផ្តល់នូវក្របខ័ណ្ឌច្បាប់រឹងមាំមួយសម្រាប់ការងារប្រែប្រួលអាកាសធាតុនិងសម្រាប់បទប្បញ្ញត្តិប្រែប្រួលអាកាសធាតុនាខាងមុខនេះ។