ខេត្តបាត់ដំបង ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានសហការជាមួយសាកលវិទ្យាល័យបាត់ដំបង រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុជូនដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងប្អូនៗនិស្សិតនៃសាកលវិទ្យាល័យបាត់ដំបង សរុបចំនួន២៥៦នាក់ ក្នុងគោលបំណងបង្កើនសមត្ថភាពពីការយល់ដឹងការប្រែប្រួលអាកាសធាតុដូចជា មូលហេតុ ផលប៉ះពាល់ ការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់អន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ បន្ស៊ាំ និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលនាំឱ្យមានកំណើនកម្តៅភពផែនដី។
បន្ទាប់មក និស្សិតទាំងអស់បានចូលរួមយ៉ាងសកម្មភាព និងបានពិភាក្សាពីសកម្មភាពដែលអាចចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុដែលមានដូចជា ការសន្សំសំចៃថាមពលអគ្គិសនី ទឹក ការចូលរួមគ្រប់គ្រងសំណល់ ដាំដើមឈើឡើងវិញ ថែរក្សាព្រៃឈើ និងការផ្សព្វផ្សាយបន្តដល់ប្រជាជនដែលខ្លួនបានស្គាល់។
សិក្ខាសាលានេះដឹកនាំដោយឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោក ប៊ិន ឆុំ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបាត់ដំបង។