នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានរៀបចំសិក្ខាសាលាផ្តល់សុពលភាពស្តីពី គោលការណ៍ណែនាំស្តីពីមាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុរបស់កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងកញ្ញា Shomi Kim ប្រធានGGGIប្រចាំប្រទេសកម្ពុជា នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ សមាជិកអនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិ ក្រុមការងារ GGGI សរុបចំនន ៥១រូប។ សិក្ខាសាលានេះមានគោលបំណងដើម្បីពិភាក្សាលើសេចក្តីព្រាងចុងក្រោយនៃគោលការណ៍ណែនាំស្តីពីមាត្រា ៦ ខាងលើ មុននឹងស្នើសុំការពិនិត្យ សម្រេចនិងចុះហត្ថលេខាពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ជាកិច្ចចាប់ផ្តើម កញ្ញា Shomi Kim បានអរគុណចំពោះក្រសួងបរិស្ថានដែលបានដឹកនាំ សម្របសម្រួល និងអ្នកពាក់ព័ន្ធដែលបានចូលរួមផ្តល់ធាតុចូលកន្លងមកក្នុងការជួយកែសម្រួលឱ្យគោលការណ៍នេះកាន់តែមានភាពប្រសើរឡើងរហូតដល់កំណែទម្រង់ចុងក្រោយនេះ។ បន្ថែមពីលើនេះ កញ្ញាក៏បានលើកឡើងថា មានក្រុមហ៊ុនអន្តរជាតិ និងបណ្តាប្រទេសជាច្រើនចង់វិនិយោគលើគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែតម្រូវឱ្យមានបទដ្ឋានគតិយុត្ត ជាពិសេសគោលការណ៍ណែនាំនេះ ទើបកម្ពុជាមានលទ្ធភាពបើកចំហទទួលរាល់វិនិយោគិនបរទេសអនុវត្តគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម ភាវ សុវុទ្ធី បានលើកឡើងពីសារៈសំខាន់នៃការរៀបចំគោលការណ៍ណែនាំនេះ សំដៅលើកកម្ពស់ការចូលរួមចំណែករបស់កម្ពុជាដើម្បីសម្រេចបានការប្តេជ្ញាចិត្តស្របតាម NDC យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងការអនុវត្តគម្រោងឥណទានកាបូនដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ស្របតាមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម បានថ្លែងអំណរគុណដល់ GGGI ដែលបានគាំទ្រផ្នែកបច្ចេកទេសកន្លងមក នាយកដ្ឋានប្រែប្រួលអាកាសធាតុ និងក្រុមការងារបច្ចេកទេសទាំងអស់ បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំតាក់តែង និងចងក្រងឱ្យសម្រេចបាននូវសេចក្តីព្រាងចុងក្រោយគោលការណ៍ណែនាំនេះ។
ថ្លែងក្នុងកម្មវិធីបិទ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ បានលើកឡើងពីភាពជោគជ័យនៃកិច្ចប្រជុំអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាគឺជាប្រធានដឹកនាំកិច្ចប្រជុំ នៅសៀមរាប កាលពីពេលថ្មីៗនេះ សម្រាប់ការយកទៅបង្ហាញឱ្យពិភពលោកឃើញពីសមិទ្ធផលនិងសមត្ថភាពដែលកម្ពុជានិងប្រទេសអាស៊ានសម្រេចបាន។ ជាចុងក្រោយ ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណចំពោះតំណាងក្រសួងស្ថាប័នដែលបានផ្តល់ជាធាតុចូលកន្លងមក ជាពិសេស GGGI សម្រាប់ការគាំទ្រលើការពង្រឹងសមត្ថភាពដល់ក្រុមការងារបច្ចេកទេស ដំណើរការរៀបចំគោលការណ៍ណែនាំ ហើយឈានដល់ដំណាក់កាលផ្តល់សុពលភាពនាថ្ងៃនេះ។ នេះបង្ហាញពីសមិទ្ធផលកិច្ចសហការល្អរវាង នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ GGGI និងដៃគូពាក់ព័ន្ធ។
ជាលទ្ធផល សិក្ខាសាលានេះបានដឹកនាំពិភាក្សានិងសម្របសម្រួល ដោយលោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ ដែលផ្ដោតលើចំណុចសំខាន់មួយចំនួនដូចជា ១) ការបង្ហាញពីសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ២) ចំណុចដែលបានធ្វើបច្ចុប្បន្នភាពនៃគោលការណ៍ណែនាំ ៣) ការពិភាក្សានិងឈានដល់ការឯកភាពគ្នាលើសេចក្តីព្រាង និង ៤) សេចក្តីប្រកាសស្តីពីការផ្តល់សុពលភាពលើ គោលការណ៍ណែនាំ និងការកំណត់ជំហានបន្ទាប់។