នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី   នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការនិងការឆ្លើយតបទៅនឹងការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទ។ វគ្គបណ្តុះបណ្តាលនេះស្ថិតក្រោមអធិបតីភាព លោកជំទាវ ព្រំ សុភី អនុរដ្ឋ លេខាធិការក្រសួងបរិស្ថាន និងដោយការចូលរួមពីលោកស្រី Alissar  Chaker តំណាងUNDP ប្រចាំ  ប្រទេសកម្ពុជា  លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ មន្រ្តីនាយកដ្ឋាន ប្រែប្រួលអាកាសធាតុ និងកម្មវិធី CCCA3 ជាច្រើនរូប។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ដើម្បី លើកកម្ពស់ការយល់ដឹង និងបង្ហាញអំពីយន្តការពាក់ព័ន្ធនានាក្នុងការបង្ការការកេងប្រវ័ញ្ច និងការរំលោភ បំពានផ្លូវភេទ សម្រាប់មន្រ្តីនាយកដ្ឋានប្រែប្រួលអាកាសធាតុ UNDP  CCCA3 និងអ្នកពាក់ព័ន្ធ។  

លោកស្រី Alissar  Chaker បានលើកឡើងអំពីផលប៉ះពាល់នានាបណ្តាលមកពី ការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទ ចំពោះបញ្ហាផ្លូវចិត្តរបស់បុគ្គល ស្ថាប័ន និងផលិតភាពការងារ ជាដើម។ តាមរយៈការសិក្សា នាឆ្នាំ២០១៧ បញ្ហានានាទាក់ទងនឹងការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទ បានធ្វើឱ្យខាតបង់ដល់សេដ្ឋកិច្ចកម្ពុជាប្រមាណ ៨៩ លានដុល្លាក្នុងមួយឆ្នាំ ដោយសារតែការបាត់បង់ការងារ បញ្ហាសុខភាពភាព និងផលប៉ះពាល់ចំពោះស្ថាប័ន។ល។ លោកស្រី បានបញ្ជាក់ថា UNDP គាំទ្រនិងប្រកាន់ខ្ជាប់នូវគោលការណ៍លុបបំបាត់សកម្មភាពកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទគ្រប់រូបភាព ជាពិសេសសម្រាប់ដៃគូនានារបស់ UNDP តាមរយៈការជំរុញសកម្មភាពផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលដើម្បីលើកកម្ពស់ចំណេះដឹងជាប្រចាំ អំពីបញ្ហានេះ។ 

ក្នុងឱកាសនោះ  លោកជំទាវ  ព្រំ សុភី  អរគុណចំពោះ UNDP និងCCCA3 ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះឡើង។ លោកជំទាវ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរអំពីការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ជាអាទិ៍ យុទ្ធសាស្រ្តចតុកោណគ្រប់ដំណាក់កាល និងគោលនយោបាយនារីរតនៈរបស់ក្រសួងកិច្ចការនារី ជាដើម។ ក្នុងនោះ ក្រសួងបរិស្ថានយកចិត្តទុកដាក់ក្នុងការជំរុញការចូលរួមដោយស្មើភាពរវាងបុរស និងស្រ្តី ចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ តាមរយៈផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថាន ២០២១-២០២៥ ដោយផ្តោតលើយុទ្ធសាស្រ្តចំនួន ៣ គឺ (១) ការលើកកម្ពស់សមត្ថភាពស្ថាប័ន (២) ការបង្កើនការយល់ដឹងរបស់អ្នកពាក់ព័ន្ធ ជាពិសេសស្រ្តី កុមារ សហគមន៍មូលដ្ឋាន និងមន្រ្តីឧទ្យាននុរក្សអំពីសិទ្ធ និងសមភាពយេនឌ័រ (៣) និងការបង្កើនកិច្ចសហប្រតិបត្តិការនានាក្នុងការចូលរួមរបស់អ្នកពាក់ព័ន្ធ។ 

លោកជំទាវ លោកជំទាវ  ព្រំ សុភី បានសង្កត់ធ្ងន់ថា ដោយសារប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ ទើបយើងអាចមានឱកាសក្នុងការយកចិត្តទុកដាក់លើបញ្ហាយេឌ័រ ការលើកកម្ពស់សិទ្ធ ការលុបបំបាត់ការរើសអើង និងការបៀតបបៀនគ្រប់រូបភាព។ លោកជំទាវ ស្នើឱ្យ UNDP ពង្រីកការគាំទ្រលើការបណ្តុះបណ្តាលនេះបន្ថែមទៀតចំពោះមន្រ្តីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជាពិសេសជនងាយរងគ្រោះ នៅតំបន់ការពារធម្មជាតិនានា។ បន្ថែមលើសពីការជជែកពិភាក្សាអំពីបញ្ហាប្រឈមនានា ដែលកើតចេញពីវគ្គបណ្តុះបណ្តាលនាពេលនេះ  លោកជំទាវស្នើឱ្យ UNDP លើកឡើងអំពីលក្ខណៈវិជ្ជមាន និងការខិតខំប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដំណើរការអភិវឌ្ឍ ការលើកកម្ពស់ចំណេះដឹង ដែលបានចូលរួមក្នុងការកាត់បន្ថយភាពងាយរងគ្រោះ និងការរំលោភបំពាននានា។ ជាចុងក្រោយ លោកជំទាវបានថ្លែងអំណរគុណចំពោះ UNDP និងអ្នកពាក់ព័ន្ធទាំងអស់ ដែលតែងតែគាំទ្រក្រសួងបរិស្ថាន ជាពិសេសការលើកកម្ពស់ការចូលរួមរបស់ស្រ្តីនិងកុមារ និងការប្រែប្រួលអាកាសធាតុ ក្នុងប្រទេសកម្ពុជា។ 








  • Share on Social Media