ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនដល់បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួង​បរិស្ថាននឹងរៀបចំសន្និសីទសារព័ត៌មាន កិច្ចពិភាក្សា និងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន» នៅកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១:៣០នាទី រសៀល នៅសាលប្រជុំ ម៉ុក ម៉ារ៉េត ជាន់ទី៥ ទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន។

យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនត្រូវបានអនុម័ត និងដាក់ជូនលេខាធិការដ្ឋាន​អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ ការដាក់ជូនយុទ្ធសាស្រ្តនេះ គឺស្របតាមការប្តេជ្ញាចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងកិច្ចប្រជុំកំពូលស្ដីពី «មហិច្ឆតាអាកាសធាតុរបស់អង្គការសហប្រជាជាតិ» នៅក្នុងខែធ្នូឆ្នាំ២០២០ ដើម្បីដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រនេះនៅដំណាច់ឆ្នាំ២០២១។ យុទ្ធសាស្ត្រនេះជាជំហានមួយដ៏សំខាន់សម្រាប់កម្ពុជាក្នុងនាមជាប្រទេសគាំទ្រនូវសកម្មភាពពហុភាគីក្នុងកិច្ចការងារប្រែប្រួលអាកាសធាតុ ដើម្បីសម្រេចនូវអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ផ្អែកតាមគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន» ក្រោមអនុសញ្ញា UNFCCC

អាស្រ័យហេតុនេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន សូមអញ្ជើញបណ្តាញ សារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមផ្តិតយកព័ត៌មានក្នុងកម្មវិធីខាងលើតាមការគួរ៕

  • Share on Social Media