សិក្ខាសាលាបើកគម្រោងមូលនិធិអាកាសធាតុបៃតងស្តីពីការធ្វើឱ្យប្រសើរឡើងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការគ្រប់គ្រងសំណល់ប្រកបដោយចីរភាពនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា

នាថ្ងៃទី១៣​ ខែតុលា ឆ្នាំ២០២២ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមជាគណៈអធិបតីបើកក្នុងសិក្ខាសាលាបើកគម្រោងមូលនិធិអាកាសធាតុបៃតងស្តីពីការធ្វើឱ្យប្រសើរឡើងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការគ្រប់គ្រងសំណល់ប្រកបដោយចីរភាពនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា ដែលរៀបចំដោយអង្គការ UN-HABITAT ប្រចាំប្រទេសកម្ពុជា ក្រោមកិច្ចសហការជាមួយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៅសណ្ឋាគារសឹង្ហមិត្ត ខេត្តកែប។ សិក្ខាសាលាបើកគម្រោងនេះ រៀបចំឡើងដើម្បី បង្ហាញពីព័ត៌មានទូទៅនៃគម្រោង និងវឌ្ឍនភាពនៃការអនុវត្តគម្រោង ព្រមទាំងសំណើបង្កើតគោលការណ៍សម្រាប់ការសម្របសម្រួលរវាងភាគីពាក់ព័ន្ធសំខាន់ៗ និងចាប់ផ្តើមអនុវត្តគម្រោងជាផ្លូវការ ដែលមានតំណាងចូលរួមពីក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងមន្ទីរបរិស្ថាន សាធារណការ និងដឹកជញ្ជូន និងរដ្ឋាបាលខេត្តកែប និងព្រះសីហនុ សរុបចំនួន២៥នាក់។ 


ថ្លែងក្នុងសុន្ទរកថាបើក លោកបណ្ឌិត ហាក់ ម៉ៅ បានលើកឡើងពីការហានិភ័យដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុសកល ដូចជាការកើនឡើងសីតុណ្ហភាពសកល គ្រោះរាំងស្ងួត និងទឹកជំនន់នៅបណ្តាប្រទេសមួយចំនួន ខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ និងការកើនឡើងនូវនីវ៉ូទឹកសមុទ្រដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ឬបរិស្ថាន ការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេស។ បានលើកឡើងប្រវត្តិ យន្តការ និងការរៀបចំគោលនយោបាយ និងរបាយការណ៍ជាតិនានាដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ការបញ្រ្ជាបការប្រែប្រួលអាកាសធាតុនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការលើកឡើងពីបញ្ហាគ្រប់គ្រងសំណល់រឹង និងរាវ យន្តការ ក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធដែលចូលរួមក្នុងការងារគ្រប់គ្រងសំណល់រឹង និងរាវនេះ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងដើម្បីរក្សាបាននូវអនាម័យ និងសោភណ្ឌភាពទីក្រុង និងទីប្រជុំជននានា។ លោកបណ្ឌិត បានបញ្ជាក់ពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងថ្មីដែលក្រសួងបរិស្ថានសម្រេចបាន។ 















 

  • Share on Social Media