នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង (GCF) បានរៀបចំសិក្ខាសាលាផ្តល់សុពលភាពស្តីពី ការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានពាក់ព័ន្ធនឹងបាតុភូតការប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាព ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅសណ្ឋាគារកោះកុងអាស៊ាន ខេត្តកោះកុង ចូលរួមជាអធិបតីដោយ អភិបាលរងខេត្ត និងមន្រ្តីជំនាញពីមន្ទីរនិងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញការជាតិនិងអន្តរជាតិ សរុបចំនួន ៣២រូប (ស្រី ១០រូប) ក្នុងគោលបំណងប្រមូលធាតុចូលសម្រាប់រៀបចំការសិក្សាបុរេសមិទ្ធិលទ្ធភាព និងអនុម័តសេចក្តីព្រាងឯកសារទស្សនទានមុននឹងដាក់ជូនទៅ មូលនិធិអាកាសធាតុបៃតង (GCF)។
ឯកឧត្តម ភាវ សុវុទ្ធី បានលើកឡើងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បញ្ចកោណទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដែលជាវិធីសាស្រ្តរួម និងជាមាគ៌ាឆ្ពោះទៅរកការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គម។ ឯកឧត្តម ក៏បានបញ្ជាក់ពីយុទ្ធសាស្ត្រចក្រាបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងគោលបំណងតម្រង់ទិសដើម្បីអនុវត្តការងារអាទិភាពក្នុងមុំអាទិភាពចំនួនបីគឺ៖ ស្អាត បៃតង និងចីរភាព ឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹតភាពកាបូន។ ក្រសួងបរិស្ថានបានរៀបចំយុទ្ធនាការដោយជោគជ័យចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!» សម្រាប់សាលារៀន និងកម្មកររោងចក្រនៅទូទាំងប្រទេស និងមានអ្នកអនុវត្តជាង ៣លាននាក់។ មួយវិញទៀត ក្រសួងបរិស្ថានក៏បានប្រកាសអំពីការដាំកូនឈើចំនួន ១លានដើមក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើរហូតដល់ ៦០% នៅឆ្នាំ២០៥០ ផងដែរ។
ជាលទ្ធផល អង្គសិក្ខាសាលាបានផ្តល់ធាតុចូល បានគាំទ្រនិងឯកភាពលើអត្ថន័យនិងខ្លឹមសារ និងបានផ្តល់សុពលភាពលើសេចក្តីព្រាងឯកសារទស្សនទានស្តីពី ការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានពាក់ព័ន្ធនឹងបាតុភូតការប្រែប្រួលអាកាសធាតុសម្រាប់ខេត្តកោះកុង។ ជំហានបន្ទាប់ ក្រុមការងារនឹងបន្តរៀបចំឯកសារទស្សនទានដាក់ជូន GCF ដើម្បីស្វែងរកជំនួយថវិកា។