ក្រសួងបរិស្ថានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី ភាពងាយរងគ្រោះនៃអាកាសធាតុ ភាពងាយរងគ្រោះសង្គម និងការអប់រំសម្រាប់ស្វ័យបន្ស៊ាំ


នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានរៀបចំសិក្ខាសាលាស្តីពី ភាពងាយរងគ្រោះនៃអាកាសធាតុ ភាពងាយរងគ្រោះសង្គម និងការអប់រំសម្រាប់ស្វ័យបន្ស៊ាំ ចាប់ពីថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។

សិក្ខាសាលានេះមានគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធក្នុងតំបន់អាស៊ាន អំពីការវាយតម្លៃភាពងាយរងគ្រោះដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ការអនុវត្តស្វ័យបន្ស៊ាំ និងការរៀបចំផែនការបន្ស៊ាំឱ្យកាន់តែមានប្រសិទ្ធភាព។ សិក្ខាសាលានេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងដោយមានការចូលរួមពី ថ្នាក់ដឹកនាំ-មន្រ្តីក្រសួងបរិស្ថាននិងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងបណ្តាប្រទេសសមាជិកអាស៊ាន តំណាង ERIA អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងអ្នកអង្កេតការណ៍អន្តរជាតិ ចំនួន៩០រូប។

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម ទិន ពន្លក បានលើកឡើងថា ប្រទេសកម្ពុជាងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ ហើយតំបន់អាស៊ានក៏ទទួលរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ បង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ទាំងមូល។ សកម្មភាពបន្ស៊ាំដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពងាយរងគ្រោះទៅនឹងការប្រែប្រួលអាកាសធាតុ ប៉ុន្តែហិរញ្ញប្បទានសម្រាប់សកម្មភាពបន្ស៊ាំជាពិសេសសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចហាក់នៅមានកម្រិតនៅឡើយ។ ឯកឧត្តមបានបន្ថែមថា សកម្មភាពបន្ស៊ាំ ហិរញ្ញប្បទានបន្ស៊ាំ ការខូចខាតនិងការបាត់បង់បណ្តាលមកពីការប្រែប្រួលអាកាសធាតុ នឹងក្លាយជាប្រធានបទសំខាន់សម្រាប់កិច្ចពិភាក្សានៅកិច្ចប្រជុំកំពូលលើកទី២៧ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) នៅប្រទេសអេហ្ស៊ីបនាចុងឆ្នាំនេះ។

ឯកឧត្តមសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកសកម្មភាពបន្ស៊ាំជាសកម្មភាពអាទិភាពក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ដោយបានដាក់បញ្ចូលក្នុងគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រ និងរបាយការណ៍ជាតិដូចជា NDC, LTS4CN និងយុទ្ធសាស្ត្រអភិវឌ្ឍន៍និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយ កូវីដ-១៩ជាដើម។

ការប្រែប្រួលអាកាសធាតុបានបញ្ជ្រាបទៅក្នុងការរៀបចំផែនការ និងថវិកាថ្នាក់ក្រោមជាតិផងដែរ ហើយការចូលរួមរបស់វិស័យឯកជន និងអ្នកពាក់ព័ន្ធនានាលើផ្នែកបន្ស៊ាំក៏មានការកើនឡើងផងដែរ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាថ្នាក់តំបន់នេះនឹងផ្តល់កាលានុវឌ្ឍនភាពថ្មីសម្រាប់ការលើកកម្ពស់សមត្ថភាពរបស់អ្នកពាក់ព័ន្ធ លើការវាយតម្លៃភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ការចែករំលែកបញ្ហាប្រឈម បទពិសោធន៍លើការកៀរគរថវិកាសម្រាប់អនុវត្តស្វ័យបន្ស៊ាំនិងផែនសកម្មភាពបន្ស៊ាំឱ្យកាន់តែមានប្រសិទ្ធភាព។

លោក Koji Hachiyama តំណាងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា បានសម្តែងនូវការថ្លែងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថានក្នុងការសហការរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះ ខណៈពេលដែលប្រទេសកម្ពុជាជាប្រធានអាស៊ាន។

តំបន់អាស៊ានជាតំបន់ដែលងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ ដោយសារកត្តាភូមិសាស្រ្ត កំណើនប្រជាជន និងសេដ្ឋកិច្ចជាដើម ដូចនេះការបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងកម្រិតតំបន់ពិតជាមានសារសំខាន់ក្នុងការចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុ ជាពិសេសជាបង្កើនសមត្ថភាពធន់នឹងអាកាសធាតុ។ លោកបន្តគាំទ្រការងារស្រាវជ្រាវក្នុងប្រទេសកម្ពុជានិងតំបន់ ក៏ដូចជាផ្តល់បច្ចេកទេសពាក់ព័ន្ធដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចសង្គម និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

សិក្ខាសាលារយៈពេលបីថ្ងៃនេះនឹងពិភាក្សា (១) ភាពងាយរងគ្រោះដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ហានិភ័យ និងឧបករណ៍សម្រាប់វាយតម្លៃវាយភាពងាយរងគ្រោះក្នុងវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម និងព្រៃឈើ (២) ផលប៉ះពាល់សេដ្ឋកិច្ចសង្គមបណ្តាលមកពីការប្រែប្រួលអាកាសធាតុ (៣) ការចែករំលែកបទពិសោធន៍ក្នុងការវាយតម្លៃភាពងាយរងគ្រោះ (៤) យុទ្ធសាស្ត្រ និងគោលនយោបាយសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុប្រកបដោយជោគជ័យនៅក្នុងតំបន់ដែលងាយរងគ្រោះ (៥) ការរៀបចំផែនការសកម្មភាពសម្រាប់អ្នករៀបចំគោលនយោបាយដើម្បីកាត់បន្ថយផលប៉ះពាល់ហានិភ័យ និងបង្កើនសមត្ថភាពបន្ស៊ាំ ក៏ដូចជាការដាក់បញ្ចូលផែនការសកម្មភាពទាំងនោះទៅក្នុងផែនការបន្ស៊ាំតាមវិស័យ។









  • Share on Social Media