នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ មន្ដ្រីនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមក្នុងពិធីអបអរសាទរប្រកាស តំបន់ព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ និងសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្ត គម្រោងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹង ប្រសិទ្ធភាព នៃការគ្រប់គ្រងតំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់ ស្រុកព្រៃនប់។ ពិធីនេះស្ថិតក្រោម អធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដី អង្គការជាតិ និងអន្តរជាតិ ក្រុមនិសិ្សត តំណាងប្រជាសហគមន៍ព្រែកកំពង់ស្មាច់ សរុបចំនួន ២២៦នាក់។
ពិធីនេះ មានគោលបំណងវេទិកាផ្សព្វផ្សាយលទ្ធផលអនុវត្តគម្រោងបង្កើនភាពធន់នឹងការប្រែប្រួល អាកាសធាតុ តាមរយៈការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងតំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ ដែលគាំទ្រដោយ CCCA3 និងអបអរសាទរ ការប្រកាស តំបន់ព្រែកកំពង់ស្មាច់ ជា តំបន់គ្រប់គ្រងជលផលសមុទ្រ។
ឯកឧត្តម គួច ចំរើន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធទាំង ដែលបានចូលរួមក្នុងកិច្ចសហការ និងរៀបចំ តំបន់ព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ យ៉ាងជោគជ័យ តាមរយៈប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តម បានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យមន្រ្តីក្រោមឱវាទប្រឆាំងរាល់បទល្មើសក្នុងការពារតំបន់គ្រប់គ្រងជលផលសមុទ្រនេះ និងលើកទឹកឱ្យមានការចូលរួមបន្ថែមទៀតពីអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសការរៀបចំផែនការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់សមុទ្រនេះ ត្រូវតែមានការចូលរួមពិគ្រោះយោបល់ពីប្រជាសហគមន៍មូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាពគ្រប់គ្រង ការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ ជំរុញភាពធន់នឹងអាកាសធាតុ តាមរយៈការអភិរក្ស និងការពារ ធនធានជលផល ព្រៃកោងកាង គ្រប់គ្រងធនធាននៅក្នុងតំបន់ប្រកបដោយនិរន្តរភាព ។