សិក្ខាសាលាស្តីពី «តួនាទីសភាកម្ពុជា លើការងារប្រែប្រួលអាកាសធាតុ»

នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រសួងបរិស្ថាន ដោយមានការគាំទ្រពី UNDP និង CCCA3 បានរៀបចំសិក្ខាសាលាស្តីពី «តួនាទីសភាកម្ពុជា លើការងារប្រែប្រួលអាកាសធាតុ» នៅវិមានរដ្ឋសភា។ សិក្ខាសាលានេះស្ថិត ក្រោមអធិបតីភាព ឯកឧត្តម  ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា (គ៣) ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ឯកឧត្តម ចាន់ ណារ៉េត អនុប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភាជាតិ និងរដ្ឋសភា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន/ស្ថាប័នពាក់ព័ន្ធ មន្រ្តីរាជការ និងអ្នកពាក់ព័ន្ធ សរុបចំនួន ១២០រូប។  
 
ឯកឧត្តម សាយ សំអាល់ បានសម្តែងនូវការអរគុណចំពោះស្ថាប័ននីតិប្បញ្ញតិ្ត ពិសេសគណៈកម្មការទី៣នៃរដ្ឋសភាដែលតែងតែគាំទ្រលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព និងឈានដល់ការរៀបចំសៀវភៅជំនួយស្មារតីសម្រាប់សភា ស្តីពីការប្រែប្រួលអាកាសធាតុដ៏មានសារសំខាន់។ ទាក់ទងនឹងការងារប្រែប្រួលអាកាសធាតុ ឯកឧត្តមបានលើកឡើងថាសកម្មភាពមនុស្សបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើន ជាមូលហេតុចម្បងដែលបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញគោលនយោបាយ និងរបាយការណ៍ជាតិស្របតាមកិច្ចព្រមព្រៀងអន្តរជាតិ និងអនុសញ្ញា UNFCCC ជាពិសេសការបង្កើនធនធានហិរញ្ញវត្ថុក្នុងប្រទេសដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយភាពងាយរងគ្រោះនានា។ 

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាដោយសារតែកត្តាសុខ សន្តិភាពពេញលេញ ទើបរាជរដ្ឋាភិបាលអាចយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ទាំងក្នុងកម្រិតជាតិនិងអន្តរជាតិ។ ឯកឧត្តមបានបន្ថែមទៀតថារាជរដ្ឋាភិបាលបាននិងកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ ក្នុងការអភិរក្សធនធានធម្មជាតិ ដែលជាធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជាក្នុងការចូលរួមចំណែកយ៉ាងសំខាន់ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុយ៉ាងមានប្រសិទ្ធភាព។ 

ថ្លែងក្នុងសិក្ខាសាលាបើក ឯកឧត្តម  ឡូយ សុផាត បានបញ្ជាក់អំពីគោលបំណងនៃសិក្ខាសាលាគឺដើម្បីបង្ហាញពីតួនាទីសភាក្នុងការងារប្រែប្រួលអាកាសធាតុ និងយន្តការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានដែលបានបំពេញការងារយ៉ាងល្អប្រសើរក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងមានទស្សនៈវិស័យច្បាស់លាស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឆ្ពោះទៅក្លាយជាប្រទេសស្រូបកាបូន និងអាចលក់ឥណទានកាបូនសម្រាប់យកមកអភិវឌ្ឍបន្ថែមទៀត។ 

ឯកឧត្តម  ឡូយ សុផាត បានចាត់ទុកការងារបរិស្ថានជាពិសេសការងារប្រែប្រួលអាកាសធាតុនេះ គឺជាការងារដែលទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ពោលគឺវាពាក់ព័ន្ធពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ពីវិស័យឯកជនដល់ប្រជាពលរដ្ឋម្នាក់ៗ និងពីថ្នាក់អន្តរជាតិដល់ថ្នាក់ជាតិទាំងមូល។ ដូចនេះ ចំណេះដឹងមូលដ្ឋានអំពីការប្រែប្រួលអាកាសធាតុ គឺមិនអាចខ្វះបានទេចំពោះអ្នកពាក់ព័ន្ធទាំងអស់។ ឯកឧត្តមបានលើកឡើងថា សមាជិកសភា បានចូលរួមយ៉ាងសកម្មជាមួយសភាអន្តរជាតិ និងអនុម័តលើកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធនឹងការងារអាកាសធាតុនេះផងដែរ ហេតុនេះសៀវភៅជំនួយស្មារតីស្តីពីការប្រែប្រួលអាកាសធាតុដែលបានចងក្រងឡើងនេះ នឹងត្រូវប្រើប្រាស់បំពេញបន្ថែមក្នុងស្ថាប័នសភាផងដែរ។ ឯកឧត្តម ថ្លែងអំណរគុណ ក្រសួង ស្ថាប័នជាតិ អង្គការ និងដៃគូរអភិវឌ្ឍន៍ពាក់ព័ន្ធនានា ជាពិសេសក្រសួងបរិស្ថាន UNDP និងកម្មវិធី CCCA3 ដែលបានសហការរៀបចំសៀវភៅជំនួយស្មារតីនិងសិក្ខាសាលាដ៏មានសារសំខាន់នេះឡើង។ 

ជាលទ្ធផល សិក្ខាសាលាបានធ្វើបទបង្ហាញដោយតំណាងក្រសួងបរិស្ថាន និងអង្គការWCS ដែលគាំទ្រសកម្មភាពអភិរក្សធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុនៅកម្ពុជា រួមមាន (១)ការចែករំលែកចំណេះដឹង និងវឌ្ឍនភាពការងារប្រែប្រួលអាកាសធាតុនៅកម្ពុជា (២) គោលនយោបាយរេដបូកអន្តរជាតិ និងនៅកម្ពុជា និង(៣) លទ្ធផលអនុវត្តន៍គម្រោង  រេដបូកដែនជម្រកសត្វព្រៃកែវសីមា។ អង្គប្រជុំបាន ពិភាក្សាយ៉ាងផុលផុសនិងបានប្រមូលធាតុចូលដើម្បីកែលម្អ សៀវភៅជំនួយស្មារតីឱ្យមានគុណភាពនិងគ្រប់ជ្រុងជ្រោយ ដែលគ្រោងនឹងបោះពុម្ពផ្សាយនាពេលខាងមុន។ 

















  • Share on Social Media