«សាកលវិទ្យាល័យដើរតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាស្រាវជ្រាវបច្ចេកវិទ្យា នវានុវត្តន៍ និងរបកគំហើញថ្មីៗដើម្បីជាផ្តល់ជាភស្តុតាង និងអនុសាសន៍ល្អៗសម្រាប់ការរៀបចំគោលនយោបាយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាព» នេះជាការលើកឡើងរបស់ ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពេលអញ្ជើញជាអធិបតីបើកសិក្ខាសាលាចែករំលែកចំណេះដឹងរបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) ចាប់ពីថ្ងៃព្រហស្បតិ៍-សុក្រ ទី២៣-២៤ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តបាត់ដំបង ដើម្បីចែករំលែកបទពិសោធន៍ បង្ហាញអំពីឧត្តមានុវត្តន៍ និងកិច្ចប្រឹងប្រែងនានារបស់សាកលវិទ្យាល័យនិងអ្នកសិក្សាស្រាវជ្រាវលើការអនុវត្តម្រោងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមបានលើកឡើងថា សកម្មភាពប្រែប្រួលអាកាសធាតុកាន់តែមានសារៈសំខាន់ទាំងកម្រិតជាតិ និងអន្តរជាតិ។ ក្នុងន័យនេះ ជំនួយឥតសំណងរបស់ CCCA3 មានគោលបំណងបង្កើតវិធីសាស្រ្ត និងផ្តល់បច្ចេកវិទ្យាដែលសមស្របនឹងបរិបទប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងអាទិភាពនានាដែលបានរំលេចនៅក្នុងរបាយកាណ៍បច្ចុប្បន្នភាពការរួមចំណែករបស់ជាតិ (Updated NDC) និងផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ល។ ឯកឧត្តមបានបញ្ជាក់ថាមានក្រសួងជាច្រើនកំពុងធ្វើការយ៉ាងសកម្មក្នុងការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការសកម្មភាពនិងដើម្បីធានាថា ប្រទេសកម្ពុជាផ្តល់នូវបរិយាកាសអំណោយផលសម្រាប់ការវិនិយោគលើបច្ចេកវិទ្យាដែលមានភាពធន់ និងមានការបញ្ចេញកាបូនតិច។ នៅក្នុងបរិបទដ៏ប្រសើរនេះ ឯកឧត្តមបានសង្តត់ធ្ងន់ថា សាកលវិទ្យាល័យដើរតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាស្រាវជ្រាវបច្ចេកវិទ្យា នវានុវត្តន៍ និងរបកគំហើញថ្មីៗដើម្បីជាផ្តល់ជាភស្តុតាង និងអនុសាសន៍ល្អៗសម្រាប់ការរៀបចំគោលនយោបាយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាព។
កិច្ចពិភាក្សាក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងនេះផ្តល់កាលានុវត្តភាពដល់អ្នករៀបចំគោលនយោបាយ និងសាកលវិទ្យាល័យ ដើម្បីចែករំលែកបទពិសោធន៍លើការអនុវត្តសកម្មភាពប្រែប្រួលអាកាសធាតុជាអាទិភាព ការចែករំលែកលទ្ធផលស្រាវជ្រាវបឋមសម្រាប់គម្រោងដែលទទួលបានការគាំទ្រពីCCCA3 និងការពង្រឹងកិច្ចសហប្រតិបត្តិការបន្តទៀតដើម្បីប្រមូលរាល់ធាតុចូលពីការសិក្សាស្រាវជ្រាវដើម្បីរៀបចំគោលនយោបាយពាក់ព័ន្ធ។ ឯកឧត្តមបានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍រួមមាន សហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រទេសស៊ុយអែត ដែលបានគាំទ្រ CCCA អស់រយៈពេលជាងមួយទសវត្សរ៍នេះ ហើយបានបង្ហាញលទ្ធផលល្អប្រសើរនៃការងារនៃការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា។