នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី គោលការណ៍ណែនាំការអនុវត្តនីតិវិធីផ្ដល់មូលនិធិរបស់ CCCA3 ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា អង្គការមិនមែនរដ្ឋាភិបាល និងស័យឯកជនដែលទទួលបានគម្រោងពី CCCA3 ចំនួន ៥៣ រូប។ សិក្ខាសាលានេះមានគោលបំណង ដើម្បីសិក្សា និងស្វែងយល់អំពីរបៀបនៃការអនុវត្តគម្រោង ការធ្វើរបាយការណ៍ ការគ្រប់គ្រងហិរញ្ញវត្ថុ លទ្ធកម្ម ការតាមដាននិងវាយតម្លៃទៅតាមគោលការណ៍នីតិវិធីក្នុងការអនុវត្តគម្រោងនវានុវត្តន៍ (GIG) ដែលផ្តល់មូលនិធិ CCCA3។ 

លោកបណ្ឌិត ហាក់ ម៉ៅ បានលើកឡើងថា ក្នុងបរិបទប្រទេសកម្ពុជា គម្រោងការប្រែប្រួលអាកាសធាតុដែលបាននិងកំពុងអនុវត្តបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពបុគ្គល ស្ថាប័ន ពង្រឹងសមត្ថភាពស្រាវជ្រាវ ការរៀបចំបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធ និងចូលរួមចំណែកដោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ទាំងសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់និងការបន្ស៊ាំ។ បច្ចុប្បន្នមានស្ថាប័នដែលទទួលជំនួយឥតសំណងពី CCCA3 មានចំនួន ២២ គម្រោង ក្នុងនោះគម្រោងនវានុវត្តន៍ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុជុំទី១និងទី២ ចំនួន១២ គម្រោងជាមួយក្រសួងស្ថាប័នរដ្ឋ ចំនួន០៦ និងគម្រោងស្រាវជ្រាវសម្រាប់គ្រឹះស្ថានឧត្តមសិក្សា ចំនួន ០៤។ ក្នុងឱកាសនេះផងដែរ លោកបណ្ឌិត ហាក់ ម៉ៅ ស្នើឱ្យស្ថាប័នដែលទទួលបានគម្រោង បង្កើនកិច្ចសហការនិងចូលរួមឱ្យបានល្អជាមួយមន្ត្រី CCCA3 និងយល់ឱ្យច្បាស់ពីនីតិវិធីនៃការអនុវត្តគម្រោងរួមមាន ការរៀបចំរបាយការណ៍ប្រកបដោយគុណភាព ការទទួលខុសត្រូវខ្ពស់ ប្រសិទ្ធភាព និងតម្លាភាពខ្ពស់ ដើម្បីឲ្យការអនុវត្តគម្រោងទទួលបានជោគជ័យនិងទាន់ពេលវេលា។ ជាងនេះទៅទៀត សម្រាប់សាកលវិទ្យាល័យត្រូវពង្រីងវិសាលភាពនៃការដាក់បញ្ជ្រាបកម្មវិធីសិក្សាការប្រែប្រួលអាកាសធាតុក្នុងកម្មវិធីសិក្សា លើកកម្ពស់សមត្ថភាពស្រាវជ្រាវ និងពង្រីកបណ្តាញទំនាក់ទំនងក្នុងចំណោមសាកលវិទ្យានានា ដើម្បីផ្តល់ជាភស្តុតាងវិទ្យាសាស្រ្តឆ្លើយតបទៅនឹងតម្រូវការនៃការរៀបចំរបាយការណ៍នានាក្រោមអនុសញ្ញា ពិធីសារ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។

ជាលទ្ធផល សិក្ខាសាលាបានផ្ដល់ជូននូវបទបង្ហាញអំពី (១) ដំណើរការនៃការធ្វើរបាយការណ៍គម្រោង (២) ការគ្រប់គ្រងហិរញ្ញវត្ថុ លទ្ធកម្ម (៣) ការគ្រប់គ្រងឯកសារលើកកម្ពស់ចំណេះដឹង (៤) ការតាមដាននិងវាយតម្លៃគម្រោង។  ក្នុងនោះ សិក្ខាកាមបានជជែកពិភាក្សាចែករំលែកបទពិសោធន៍ វឌ្ឍនភាពនៃការ   អនុវត្តគម្រោង និងកំណត់បានបញ្ហាប្រឈម ការអនុវត្តល្អៗ នៃការរៀបចំគម្រោង និងសកម្មភាពដែលអាចពង្រីកវិសាលភាព និងជាធាតុចូលសម្រាប់ការរៀបចំគោលនយោបាយនាថ្ងៃអនាគត។ 











  • Share on Social Media