នាថ្ងៃព្រឹកទី២៦ ខែមិថុនា ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនគំនិតផ្តួចផ្តើមអាកាសធាតុឆ្លាតវៃ ClimateSI បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ឧបករណ៍ទិន្នន័យសកម្មភាពអាកាសធាតុសម្រាប់វិស័យជញ្ជូន (TraCAD) នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះដឹកនាំនឹងសម្របសម្រួលដោយ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ តំណាងឧត្តមបណ្ឌិត វ៉ាន់ មុនីនាថ អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត និងលោក H.M. Buddika Hemashantha នាយក ClimateSI និងដោយមានការចូលរួមពី តំណាងក្រុមហ៊ុន ClimateSI មន្រ្តីនាយកដ្ឋានប្រែប្រួលអាកាសធាតុនិងCCCA3 សមាជិកអនុក្រុមការងារស្តីពីសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិ ចំនួន២៨ រូប។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល០២ថ្ងៃ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញដែលមកពីក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការប្រើប្រាស់ឧបករណ៍ TraCAD ប្រកបដោយភាពស្ទាត់ជំនាញ និងជឿជាក់។

លោកបណ្ឌិត ហាក់ ម៉ៅ បានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់អំពីសមិទ្ធផលនិងសកម្មភាពដែលអនុក្រុមការងារស្តីពីសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិសម្រេចបាន រួមមាន ការចងក្រងទិន្នន័យឧស្ម័នផ្ទះកញ្ចក់ជាតិ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ជាពិសេសការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីមាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុរបស់កម្ពុជា។ លោកបណ្ឌិតបានសង្កត់ធ្ងន់អំពីភាពចាំបាច់ នៃការពង្រឹងសមត្ថភាពស្រាវជ្រាវ ចងក្រងនិងប្រមូលទិន្នន័យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សំដៅចូលរួមក្នុងការរៀបចំរបាយការណ៍ជាតិ គោលនយោបាយ ផែនការសកម្មភាព ជាពិសេសដំណើរការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា។  លោកបណ្ឌិតស្នើឱ្យក្រុមការងារបន្តពង្រឹងសមត្ថភាពបន្ថែមទៀត តាមរយៈការសិក្សាអំពីម៉ូដែលអាកាសធាតុក្នុងវិស័យពាក់ព័ន្ធ ការពង្រឹងកិច្ចសហការ និងការស្រាវជ្រាវធ្វើយ៉ាងណារៀបចំនិងផលិតទិន្នន័យសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ ស្របទៅនឹងតម្រូវការនិងដំណើរវិវឌ្ឍររបស់កម្ពុជានិងសកលលោក។  





  • Share on Social Media