នាព្រឹកថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០២២ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងសហការី បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារកូរ៉េ ដែលដឹកនាំដោយលោក Jaeyoung Chang នាយកប្រតិបត្តិក្រុមហ៊ុន Advanced Technology Recovery Inc. សាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាលើសំណើគម្រោងក្រោមយន្តការអភិវឌ្ឍន៍ស្អាត(CDM) តាមរយៈការស្តារព្រៃកោងកាងនៅកម្ពុជា។ បន្ទាប់ពីបានប្រជុំពិភាក្សាគ្នា នៅថ្ងៃបន្ទាប់ (ថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២២) លោកបណ្ឌិត ហាក់ ម៉ៅ និងសហការី បានសម្របសម្រួលដឹកនាំក្រុមការងារកូរ៉េ ចុះទៅពិនិត្យមើលទីតាំងគម្រោងចំនួន០២ កន្លែងនៅខេត្តកំពត ដោយមានការសម្របសម្រួលពីមន្ទីរបរិស្ថានខេត្តកំពត ដែលទីតាំងទី១ ស្ថិតនៅតំបន់សហគមន៍នេសាទព្រែកត្នោត និងទីតាំងទី២ ស្ថិតនៅតំបន់សហគមន៍ត្រពាំងរពៅ។ បន្ទាប់ពីកិច្ចពិភាក្សា និងការចុះពិនិត្យមើលទីតាំងជាក់ស្តែងទាំងពីរខាងលើ លោកបណ្ឌិតប្រធាន បានស្នើឱ្យក្រុមការងារកូរ៉េ រៀបចំនូវឯកសារទស្សនទានលម្អិត និងផែនការច្បាស់លាស់ក្នុងការអនុវត្តគម្រោង ព្រមទាំងបានស្នើឱ្យក្រុមការងារកូរ៉េពិចារណាក្នុងការរៀបចំគម្រោងខាងលើនេះ កំណត់យកយន្តការអភិវឌ្ឍន៍ស្អាត ឬកំណត់យកយន្តការទីផ្សារកាបូនស្ម័គ្រចិត្ត។ ជាការឆ្លើយតប ភាគីកូរ៉េ នឹងជូនដំណឹងមកក្រសួងបរិស្ថានវិញ អំពីការកំណត់គោលដៅនៃគម្រោងនេះឱ្យបានជាក់លាក់ មុននឹងបន្តនីតិវិធីបន្ទាប់។










  • Share on Social Media