នាថ្ងៃទី៨ ខែមិថុនា  ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង(GCF)  បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ឱកាសដើម្បីបន្ស៊ីរបៀបវារៈនៃការប្រែប្រួលអាកាសធាតុ ជាមួយនឹងផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោមអធិបតីភាព ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ តំណាង ឯកឧត្តម  ទិន  ពន្លក  រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ អ្នកជំនាញការជាតិនិងអន្តរជាតិ តំណាងនាយកដ្ឋាននៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ សរុបចំនួន ៤៥រូប។ សិក្ខាសាលានេះមានគោលបំណង ណែនាំពីគោលដៅសំខាន់ៗ នៃគម្រោង និងប្រមូលព័ត៌មានពាក់ព័ន្ធ ពីភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីកំណត់ឱកាសសម្រាប់ការបន្ស៊ីរបៀបវារៈនៃការប្រែប្រួលអាកាសធាតុ ជាមួយនឹងផែនការស្តារសេដ្ឋកិច្ចឡើងវិញ។ 

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តមបណ្ឌិត វ៉ាន់ មុនីនាថ ថ្លែងអំណរគុណចំពោះតំណាងក្រសួងស្ថាប័នដែលបានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារសំខាន់នេះ។ ឯកឧត្តម បានលើកឡើងថា ក្នុងនាមប្រទេសងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ កម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ របាយការណ៍បច្ចុប្បន្នភាព NDC និង យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន សំដៅចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុសកល និងលើកកម្ពស់សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាប្រកបដោយចីរភាព។ ឯកឧត្តមបានលើកឡើងពីឯកសារសំខាន់ៗជាចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងក្នុងវិស័យបរិស្ថាន សៀវភៅស ក្រមបរិស្ថាននិងធនធានធម្មជាតិ និងការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងការរៀបចំផែនការស្តារសេដ្ឋកិច្ចជាតិរបស់កម្ពុជា។

ថ្លែងក្នុងកម្មវិធីបិទ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ ជាតំណាង ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ បានលើកឡើងពីសារៈសំខាន់នៃការចូលរួមពីសំណាក់អន្តរក្រសួង ដើម្បីធ្វើការកំណត់សកម្មភាពជំរុញសេដ្ឋកិច្ច និងសកម្មភាពរងផលប៉ះពាល់ដោយសារ COVID-19 លើវិស័យនីមួយៗ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។ ជាចុងក្រោយ លោកបណ្ឌិត ហាក់ ម៉ៅ បានថ្លែងអំណរគុណចំពោះតំណាងក្រសួងស្ថាប័នដែលបានផ្តល់ជាធាតុចូល និងស្នើសុំក្រសួងស្ថាប័នបន្តចូលរួមកិច្ចពិភាក្សានាពេលខាងមុខ ដើម្បីក្រុមការងារមានព័ត៌មាននិងទិន្នន័យគ្រប់ជ្រុងជ្រោយ សម្រាប់រៀបចំផែនការស្តារសេដ្ឋកិច្ចឡើងវិញ និងរៀបចំគម្រោងជាបន្តទៀត។










  • Share on Social Media