អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (អ.ក.អ.ច) មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ក្រសួង ស្ថាប័ន​ជាតិ ស្ថានទូត និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា អ.ក.អ.ច បានរៀបចំពិធីប្រកាសផ្សព្វផ្សាយស្តីពី «របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ» នាថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំ ម៉ុក ម៉ារ៉េត ទីស្តីការក្រសួងបរិស្ថាន។

របាយការណ៍បច្ចុប្បន្នភាពនេះ បង្ហាញអំពីការបេ្តជ្ញាចិត្ត និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ដែលព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។ ក្នុងនោះ ប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិបានឯកភាពរក្សាឱ្យបាននូវកំណើនកម្តៅផែនដីឱ្យនៅកម្រិតទាបជាង ២អង្សាសេ និងបន្តឱ្យនៅត្រឹម ១,៥ អង្សាសេ បើប្រៀបធៀបទៅនឹងកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម ដើម្បីកាត់បន្ថយនូវហានិភ័យ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ របាយការណ៍បច្ចុប្បន្នភាពនេះ បង្ហាញនូវគោលដៅថ្មីច្បាស់លាស់របស់កម្ពុជាពាក់ព័ន្ធនឹងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានចំនួនប្រមាណ ៦៤,៦លានតោន នៃសមមូលឧស្ម័នកាបូនិកក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០៣០ ឬស្មើនឹង៤១,៧ភាគរយ ដែលក្នុងនោះ ៥៩,១% មកពីវិស័យព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត។ ជាមួយគ្នានេះដែរ ក្រសួង ស្ថាប័នពាក់ព័ន្ធបានស្នើឡើងនូវសកម្មភាពបន្ស៊ាំអាទិភាពរបស់ខ្លួន សរុបមានចំនួន៨៦សកម្មភាព ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យកាន់តែមានប្រសិទ្ធភាព។

Khmer.pdf358.03 KB
  • Share on Social Media