នាព្រឹកថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំសិក្ខាសាលាស្តីពី«ការចូលរួមរបស់វិស័យឯកជនក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងបរិបទការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ» ក្រោមអធិបតីភាព ឯកឧត្តម ជា ចន្ទន៍ធូ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី ជាសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ តំណាង ទូតដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗចំនួនប្រមាណ ៦០នាក់ (ស្រី ១៩នាក់)។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖ ១) ជូនដំណឹងដល់វិស័យឯកជនពីដំណើរការរៀបចំរបាយការណ៍រួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុរបស់កម្ពុជា ២) បង្ហាញពីកិច្ចសហការ និងការចូលរួមរបស់វិស័យឯកជនក្នុងការអនុវត្តសកម្មភាពនៃការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុរបស់កម្ពុជា ៣)បង្កើតគំនិតផ្តួចផ្តើមជាមូលដ្ឋានសម្រាប់ភាពជាដៃគូក្នុងវិស័យសារធារណៈ និងវិស័យឯកជនសម្រាប់ការអភិវឌ្ឍដោយបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុ និង៤) បញ្ជ្រាបមេរៀន និងបទពិសោធន៍ដែលមានទៅក្នុងសេចក្តីព្រាងផែនការកិច្ចសហការជាមួយវិស័យឯកជន។
ឯកឧត្តម ជា ចន្ទន៍ធូ បានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈមមួយសម្រាប់ ប្រទេសកម្ពុជា ដោយសមត្ថភាពបន្ស៊ាំ និងបច្ចេកទេសនៅមានកម្រិតដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈការអនុវត្តគោលនយោបាយនានា និងយន្តការនៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិចជាដើម ជាអាទិ៍ប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃអនុសញ្ញា UNFCCC ចាប់តាំងពីឆ្នាំ ១៩៩៥ ហើយបានផ្តល់សច្ចាប័នលើពិធីសារ និងកិច្ចព្រមព្រៀងជាបន្តបន្ទាប់ដែលពាក់ព័ន្ធ ដូចជាពិធីសារក្យូតូ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ ការលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធពិតជាមានសារៈសំខាន់ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (NDCs) និងការដោះស្រាយបញ្ហានានាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ស្របតាមនិន្នាការ និងធនធានរបស់ប្រទេសយ៉ាងមានប្រសិទ្ធភាព៕
កម្រងរូបភាព: https://ncsd.moe.gov.kh/kh/resources/album/2020-private-ndcs