ដើម្បីពង្រឹងសមត្ថភាពទាក់ទងនឹងការសរសេរសំណើគម្រោងស្រាវជ្រាវការប្រែប្រួលអាកាសធាតុ និងពង្រីកបណ្តាញស្រាវជ្រាវបម្រើដល់ការរៀបចំគោលនយោបាយប្រែប្រួលអាកាសធាតុដោយផ្អែកលើវិទ្យាសាស្រ្ត នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី «ការបញ្ជូនសំណើស្រាវជ្រាវ និងការរៀបចំអនុវត្តគម្រោងស្រាវជ្រាវការប្រែប្រួលអាកាសធាតុ» សម្រាប់អ្នកស្រាវជ្រាវដែលអញ្ជើញមកពីក្រសួងស្ថាប័ន វិទ្យាស្ថានស្រាវជ្រាវ និងគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ ដែលបានចុះអនុស្សរណៈ រួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យមានជ័យ សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សាលាជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សរុបប្រមាណ ៦១នាក់ ក្នុងនោះស្រ្តី២៣ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ១៤ ខែមិថុនា ឆ្នាំ ២០១៩ នៅខេត្តសៀមរាប។
លោកបណ្ឌិត ហេង ចាន់ធឿន អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺពិតជាមានសារៈសំខាន់ណាស់ដោយសារវិធីសាស្រ្តនៃការបណ្តុះបណ្តាល គឺមិនត្រឹមតែធ្វើតាមរយៈទ្រឹស្តីនៅក្នុងថ្នាក់ប៉ុណ្ណោះទេ ថែមទាំងមានការហ្វឹកហាត់ការងារជាក្រុមជាបន្តបន្ទាប់ រហូតឈានដល់ការបង្ហើយចុងក្រោយនូវសំណើស្រាវជ្រាវរបស់ក្រុមការងារចំនួនបួននាថ្ងៃនេះ។
លោកបណ្ឌិតបានបន្តថា សំណើគម្រោងស្រាវជ្រាវចំនួន៤ដែលបានរៀបចំចាប់តាំងពីវគ្គបណ្តុះបណ្តាលទី១ រហូតឈានមកដល់ពេលនេះ មានរយៈពេលជាង៣ខែ រួមមាន ១-គម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុសម្រាប់កសិករខ្នាតតូចនៅកម្ពុជាតាមរយៈការអនុវត្តប្រព័ន្ធកសិរុក្ខកម្ម ២-ភាពធន់នឹងអាកាសធាតុនិងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៅទីប្រជុំជន ដូចជារាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ, ៣-ការវិវឌ្ឍនៃបរិស្ថាននិងទឹកនិងភាពងាយរងគ្រោះនៅក្រោមលក្ខខណ្ឌបម្រែបម្រួលសាកលលោកនៅតំបន់សមុទ្រនៃកម្ពុជា និង៤-ការរៀបចំកម្មវិធីអ្នកគ្រប់គ្រងថាមពលប្រកបដោយចីរភាពសម្រាប់កម្ពុជា។