ទីស្ដីការក្រសួងបរិស្ថាន៖ នាថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំ ម៉ុក ម៉ារ៉េត អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (អ.ក.អ.ច) បានរៀបចំសន្និសីទសារព័ត៌មាននិងពិធីប្រកាសផ្សព្វផ្សាយស្តីពី «របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ»​ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមតំណាងពីព្រឹទ្ធសភា រដ្ឋសភា ក្រសួង ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អ្នកសារព័ត៌មាន គ្រឹះស្ថានសិក្សានិងវិស័យឯកជន។​

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តម    វ៉ាន់ មុនីនាថ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានថ្លែងសុន្ទរកថាស្វាគមន៍នៅក្នុងពិធីផ្សព្វផ្សាយថា ក្នុងនាមជាសមាជិកអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (UNFCCC) និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ    កម្ពុជាបានរៀបចំ និងដាក់ជូនរបាយការណ៍ការចូលរួមចំណែករបស់ជាតិលើកទី១ទៅលេខាធិការដ្ឋានអនុសញ្ញា UNFCCC នៅឆ្នាំ២០១៥ និងដាក់ជូនរបាយការណ៍បច្ចុប្បន្នភាព (Updated NDC) ទៅលេខាធិការដ្ឋាន UNFCCC នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្របតាមការប្តេជ្ញាចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។

ជាមួយគ្នានេះផងដែរ ឯកឧត្តម Björn Häggmark ឯកអគ្គរាជទូត ព្រះរាជាណាចក្រស៊ុយអ៊ែត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍បច្ចុប្បន្នភាពនេះក្នុងការចូលរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។  ឯកឧត្តមបានអបអរសាទរចំពោះក្រសួងបរិស្ថានក្នុងការរៀបចំរបាយការណ៍បច្ចុប្បន្នភាពនេះប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ហើយប្រទេសស៊ុយអ៊ែតបានគាំទ្រក្នុងដំណើរការរៀបចំរបាយការណ៍នេះតាមរយៈកម្មវិធីសម្ព័ន្ធភាពប្រែប្រួល​អាកាសធាតុកម្ពុជា។  ឯកឧត្តមក៏បានលើកឡើងថា របាយការណ៍បច្ចុប្បន្នភាពនេះមិនគ្រាន់តែបង្ហាញពីការបេ្តជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់តែប៉ុណ្ណោះទេ តែរបាយការណ៍នេះថែមទាំងចូលរួមកាត់បន្ថយភាពងាយរងគ្រោះបណ្តាលមកពីការប្រែប្រួលអាកាសធាតុ លើកកម្ពស់សមភាព​យេនឌ័រ និងធ្វើឱ្យប្រសើរឡើងនូវយុត្តិធម៌អាកាសធាតុ។

នៅក្នុងពិធីប្រកាសផ្សព្វផ្សាយនេះ ឯកឧត្តម សាយ សំអាល់ ប្រធាន ក.ជ.អ.ច. និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានដើរតួនាទីជាប្រទេសមួយដែលមានជំហរគាំទ្រដ៏រឹងមាំចំពោះសកម្មភាពពហុភាគី ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនាមជាប្រទេសមួយដែលងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រាជារដ្ឋាភិបាលបានយល់ពីភាពបន្ទាន់ ដែលតម្រូវឱ្យចាត់វិធានការដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុប្រកបដោយមហិច្ឆតា ស្របទៅតាម «ការទទួលខុសត្រូវរួម តែកម្រិតផ្សេងគ្នាទៅតាមសមត្ថភាពរៀងៗខ្លួន» ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម បានបន្ថែមទៀតថា របាយការណ៍ Updated NDC របស់ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្ត និងតម្រូវការសម្រាប់ទសវត្សរ៍បន្ទាប់ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យនៃសង្គមមួយដែលមានការបញ្ចេញកាបូនតិច មានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព៕









  • Share on Social Media