ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញជាអធិបតី ប្រកាសជាផ្លូវការ និងប្រគល់សៀវភៅយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន – Cambodia’s Long Term Strategy for Carbon Neutrality (LTS4CN)” ដល់ស្ថាប័នពាក់ព័ន្ធ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសជាផ្លូវការនិងប្រគល់សៀវភៅយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នាទីស្ដីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន សូមវាយតម្លៃខ្ពស់ និងអបអរសាទរដល់ក្រុមការងារក្នុងការផលិតបាននូវសៀវភៅ “យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន – Cambodia’s Long Term Strategy for Carbon Neutrality (LTS4CN)” បានទាន់ពេលវេលា ប្រកបដោយជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់ដៃគូរពាក់ព័ន្ធ ចំពោះចូលរួមដ៏មានសារៈសំខាន់មិនអាចខ្វះបាន ដើម្បីសម្រេចបានសៀវភៅនេះឡើង។

ឯកឧត្តមបានគូសបញ្ជាក់ថា យុទ្ធសាស្រ្តដែលមានក្នុងសៀវភៅនេះ បង្ហាញនូវការប្ដេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជាចំពោះប្រជាជនខ្លួន និងចំពោះពិភពលោកទាំងមូល។ ផ្ដើមចេញពីការដឹកនាំប្រទេសប្រកបដោយភាពភាពឈ្លៀសវៃ និងសុខសន្តិភាព ដែលអាចឱ្យកម្ពុជាឈានមកគិតគូរពីបរិស្ថាន និងដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននេះឡើង។ បន្ថែមលើនេះ កម្ពុជាដែលធ្លាប់ឆ្លងកាត់នូវភ្នក់ភ្លើងសង្គ្រៀម បានប្រែមកជាប្រទេសចែករំលែកនូវដំណោះស្រាយដើម្បីស្វែងរក និងរក្សាឱ្យបាននូវសន្តិភាពពេញលេញ។

សៀវភៅនេះ បានដាក់ចេញនូវវិស័យសំខាន់ៗចំនួន៦ រួមមាន (១)កសិកម្ម (២)ព្រៃឈើនិងការប្រើប្រាស់ដីផ្សេងទៀត (៣)ថាមពល (៤)ការដឹកជញ្ជូន (៥)ឧស្សាហកម្មនិងការប្រើប្រាស់ផលិតផល និង(៦)ការគ្រប់គ្រងសំណល់ ដែលឈរលើមូលដ្ឋានវិទ្យាសាស្រ្ត និងភាពប្រាកដនិយម ដែលកម្ពុជាបាននិងកំពុងធ្វើ ដើម្បីសម្រេចឱ្យបាននូវគោដៅអព្យាក្រឹតកាបូន ត្រឹម៣០ឆ្នាំខាងមុខ។ នេះគឺជាលើកទី១ដែលកម្ពុជាបានបង្កើតបាននូវឯកសារយុទ្ធសាស្រ្តរយៈពេលវែងក្នុងការសម្រេចនូវអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ដែលនេះគឺស្របនឹងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ និងផែនការបរិស្ថានជាតិផ្សេងទៀត។

 

ប្រភពអត្ថបទ៖  Ministry of Environment






  • Share on Social Media