នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (ក.ជ.អ.ច.) នៃ​ក្រសួង​បរិស្ថាន នៅ​រសៀល​ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ២០២០ បាន​រៀបចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​​លើ​​សេចក្តី​ព្រាង​​អនុក្រឹត្យ​​ស្តីពីវិធាន និង​នីតិវិធី​ចូលរួម​ក្នុង​យន្តការ​កាត់​បន្ថយការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្រោម​អធិបតីភាព ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. និង​​មាន​ការចូលរួម​មក​ពី​​តំណាង​ក្រសួង​បរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួង​​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន វិស័យឯកជន តំណាង​អង្គការ​ក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ជាច្រើននាក់។

វេទិកា​នេះប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីប្រមូលនូវមតិយោបល់ និង​ធាតុចូល​លើ​សេចក្តី​ព្រាង​អនុក្រឹត្យនេះ ពីគ្រប់ភាគីពាក់ព័ន្ធមុនដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច។

ក្នុងឱកាសនោះ ឯកឧត្តម ទិន ពន្លក បាន​ឱ្យ​ដឹង​ថា​ការរៀបចំ​អនុក្រឹត្យ​នេះ​គឺ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​គម្រោង និងកម្មវិធីទាក់ទងនឹងការអនុវត្តគម្រោង ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅកម្ពុជា និងដើម្បីសម្រួលដល់ការលក់ឥណទានកាបូនដល់ភាគីពាក់ព័ន្ធ។ តាមរយៈកិច្ចប្រជុំនេះ អ្នកចូលរួមបានចូលរួមបានផ្តល់ធាតុចូលនិងមតិយោបល់គាំទ្រនូវគំនិតផ្តួចផ្តើមនេះ និង បន្តពិភាក្សាលំអិតជាបន្តបន្ទាប់ទៀត ទាក់ទងនឹងការយកពន្ធលើឥណទានការបូន។

  • Share on Social Media