រាជធានីភ្នំពេញ៖ នារាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមសាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំប្រតិភូក្រសួងបរិស្ថានដើម្បីអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ដែលហៅកាត់ថា (P4G) ដែលរៀបចំឡើងដោយប្រទេសកូរ៉េខាងត្បូង តាមប្រព័ន្ធវីដេអូ។

 

កិច្ចប្រជុំកំពូល P4G ឆ្នាំនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការលើកកម្ពស់ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ១៩» ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៉ីន ព្រមទាំងប្រមុខរដ្ឋប្រទេសដទៃទៀតប្រមាណ ៦០នាក់ និងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិនានាជាច្រើនផ្សេងទៀត។ ប្រធានបទជាច្រើនត្រូវបានលើកយកមកពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបញ្ហានាំឱ្យមានការប្រែប្រួលអាកាសធាតុ និងការដោះស្រាយវិបត្តិបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ជាពិសេសការលើកកម្ពស់ភាពបៃតងលើពិភពលោកឡើងវិញ។ មេដឹកនាំប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់កិត្តិយសបង្ហាញនូវទស្សនទាន និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការដោះស្រាយបញ្ហាទាំងនេះ។

 

ក្នុងវេទិកានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារយ៉ាងមានសារសំខាន់ចំនួន០៦ចំណុច ដើម្បីការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺកូវីដ១៩៖

១៖ បន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្ម អន្តរជាតិឱ្យកាន់តែទូលំទូលាយ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌ ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យ ជាពិសេស បញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។

២៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងការអភិវឌ្ឍ ប្រកបដោយចីរភាព និងការលើកកម្ពស់ការបញ្ជ្រាបទស្សនាទានបៃតង ក្នុងការអភិវឌ្ឍ ជាពិសេស លើវិស័យកសិកម្ម, ការអភិវឌ្ឍទីក្រុង, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, សេដ្ឋកិច្ចចក្រា (circular economy), សេដ្ឋកិច្ច ឌីជីថល និងថាមពលកកើតឡើងវិញ។

៣៖ ជំរុញការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព (sustainable finance) តាមរយៈការបង្កើតបរិយាកាសអំណោយផល ដើម្បីកៀរគរធនធានបន្ថែម សំដៅធានានិរន្តរភាពនៃការអនុវត្តសកម្មភាព ទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈ ការរៀបចំ និងការដាក់ចេញនូវយន្តការហិរញ្ញប្បទានបៃតង និងយន្តការភាពជាដៃគូវាងរដ្ឋ និងឯកជន (PPP) ជាដើម។

៤៖ ដាក់ចេញគោលនយោបាយលើកទឹកចិត្ត ព្រមជាមួយនឹងការដាក់ចេញវិធានការកែទម្រង់ មុតស្រួចសំខាន់ៗ ដើម្បីជំរុញធុរកិច្ចបង្កើតថ្មីឱ្យធ្វើនវានុវត្តន៍លើគំរូធុរកិច្ចបៃតង ហើយជំរុញវិស័យឯកជន ឱ្យបង្កើនការចាប់អារម្មណ៍លើការវិនិយោគបៃតងទាំងវិនិយោគដែលបង្កើតបច្ច័យវិជ្ជមានដល់សង្គម សេដ្ឋកិច្ច (impact investment) និងវិនិយោគពាណិជ្ជកម្ម (commercial investment) ដូចជាក្នុង បច្ចេកវិទ្យាបៃតង និងថាមពលកកើតឡើងវិញ។

៥៖ ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង និងការដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដោយផ្តល់សារសំខាន់លើការលើកកម្ពស់ការវិនិយោគប្រកបដោយចីរភាព និងការទទួលខុសត្រូវ និងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ និងការវិនិយោគក្នុងគ្រប់វិស័យ តាមរយៈការជំរុញ និងលើកទឹកចិត្ត ការអភិវឌ្ឍឧស្សាហកម្មបៃតង និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង។

៦៖ លើកកម្ពស់លទ្ធភាពការកាត់បន្ថយ និងបន្ស៊ាំ (mitigation and adaptation) ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការអភិរក្សធនធានធម្មជាតិ, ការអភិវឌ្ឍទីក្រុង និងឧទ្យានបៃតង, និងការអភិវឌ្ឍសមត្ថភាពស្ថាប័នឱ្យកាន់តែរឹងមាំលើការស្រាវជ្រាវ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និង តម្រូវការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ៕

  • Share on Social Media