ក្រុងបាត់ដំបង ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ តំណាងយុវជន ស.ស.យ.ក មន្ទីរវិស័យជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល មកពីខេត្តខាងត្បូងបឹងទន្លេសាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កំពង់ឆ្នាំង និងខេត្តពោធិសាតិ៍ បានប្តេជ្ញាចូលរួមសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការធ្វើសមាហរន្តកម្មផែនការសកម្មភាព ការប្រែប្រួលអាកាសធាតុក្នុងវិស័យដែលខ្លួនទទួលខុសត្រូវ និងសកម្មភាពសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនទៅក្នុងវិធានការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់តាមរយៈកិច្ច ពិគ្រោះយោបល់លើសេចក្តីព្រាងផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ NDC 3.0។
ថ្លៃងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បាននឹងកំពុងសម្របសម្រួលក្រសួង ស្ថាប័នជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំ NDC 3.0 ដោយផ្អែកលើក្របខណ្ឌគោលនយោបាយជាតិ ដែលមាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងគោលនយោបាយយុទ្ធសាស្ត្រវិស័យដោយបន្ស៊ីនឹងបរិបទអន្តរជាតិដោយមានបរិយាបន្ន និងអាចអនុវត្តបានក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យប្រទេសអព្យាក្រិតកាបូននៅឆ្នាំ២០៥០។ ផែនការ NDC 3.0 នេះ ក្រសួងបរិស្ថាន នៃរាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ជូនលេខាធិការដ្ឋាន UNFCCC នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខ៕