មន្ទីរ-វិស័យរដ្ឋបាលថ្នាក់ក្រោមជាតិ (តំបន់ឆ្នេរកម្ពុជា) ពិនិត្យ និងផ្តល់យោបល់លើឯកសារ NDC 3.0
នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញ ចូលជាគណៈអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិតំបន់ឆ្នេរស្តីពីផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ NDC 3.0 ដោយមានការចូលរួមអម ដោយឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការ លោក លោកស្រីអភិបាលរងខេត្ត និងមន្ទីរ វិស័យមកពីខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកោះកុង យុវជនស.ស.យ.ក និងអង្គការសង្គមស៊ីវិលសរុបចំនួន៩៩ រូប ដើម្បីពិនិត្យ និងប្រមូលធាតុចូលបន្ថែមលើវិធានការ និងតួនាទី ការទទួលខុសត្រូវ ការចូលរួម របស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងរៀបចំ និងអនុវត្ត NDC3.0។
លោកស្រី ទិត សុខា អភិបាលរងខេត្តកែប និងជាតំណាងរដ្ឋបាលខេត្តទាំង៥ បានថ្លែងអំណរគុណ ចំពោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្តល់ឱកាសឱ្យមន្ទីរ វិស័យរដ្ឋបាលខេត្តទាំង៥ នៅតំបន់ឆ្នេរបានចូលរួមស្វែងយល់ និងកំណតពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនដើម្បីអនុវត្តNDC3.0 ។
លោក សុខ វណ្ណា តំណាងអង្គការ UN-Habitat បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះក្រុមការងាររៀបចំឯកសារយុទ្ធសាស្ត្រនេះដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី រហូតទទួលបាននូវសេចក្តីព្រាងសម្រាប់ពិគ្រោះយោបល់។ ឯកសារនេះ នឹងក្លាយជាឧបករណ៍តម្រង់ទិសមួយម្រាប់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចូលរួមសម្រេសបាន។
ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់នូវការយកចិត្តទុកដាក់ចូលរួមរបស់រដ្ឋបាលខេត្តទាំង៥ ដែលឯកឧត្តម លោកជំទាវ បានដឹកនាំ ថ្នាក់ដឹកនាំមន្ទីរវិស័យ មកចូលរួម ដើម្បីពិនិត្យផ្តល់ធាតុចូល និងស្វែងយល់ពីការប្រែប្រួលអាកាសធាតុ ការចួលរួមអនុវត្តនូវ NDC 3.0 ឱ្យបានគ្រប់ជ្រុងជ្រោយ។ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក្រសួងបរិស្ថាននឹងសម្របសម្រួល បញ្ចប់ជាមួយក្រសួង ស្ថាប័ន ដើម្បីពិគ្រោះយោបល់បញ្ចប់នូវឯកសារនេះ ដើម្បីដាក់ជូន UNFCCC នៅខែកក្កដាឆ្នាំ២០២៥នេះ៕