នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អមដោយ លោក អ៊ុយ កាម៉ាល់ អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន លោក ម៉ា ច័ន្ទសទ្ធា ប្រធាននាយកដ្ឋាន លោកស្រី ឃ្លោក វិចិត្ររដ្ឋា លោក ស៊ុំ ជាតិ អនុប្រធាននាយកដ្ឋាន លោក លន់ លីដូ លោក ប៉ិច សុឃីម ប្រធានការិយាល័យ និងលោក ឆាយ ខុម អនុប្រធានការិយាល័យ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ បានចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំលើកទី៦០ (SB 60)  របស់អនុគណៈកម្មការប្រឹក្សាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (SBSTA) និងអនុគណៈកម្មការអនុវត្តន៍(SBI) ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងបោន ប្រទេសអាល្លឺម៉ង់ ក្រោមអធិបធីភាព លោក Simon Stiell អគ្គលេខាធិការ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដោយមានការចូលរួមដោយផ្ទាល់ និងតាមរយៈវីដេអូពីចម្ងាយសរុបចំនួន ៦៧០០នាក់ ដែលមកពីប្រទេសជាសមាជិក UNFCCC ចំនួន ១៩៨ប្រទេស។

សូមជម្រាបជូនថា កិច្ចប្រជុំនេះចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ហើយគណៈប្រតិភូកម្ពុជា បាននិងកំពុងបន្តចូលរួមកិច្ចប្រជុំ SB 60 និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំ SB 60 មានគោលបំណងពិនិត្យ ពិភាក្សា និងឯកភាពផ្នែកបច្ចេកទេសលើរបៀបវារៈសំខាន់ៗជាច្រើន ដើម្បីធ្វើឱ្យប្រសើរឡើងនូវសកម្មភាពឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុសកល រួមមាន៖ ការពន្លឿនការអនុវត្តអាណត្តិការងារដែលបានសម្រេចក្នុងសន្និសីទកំពូលអាកាសធាតុលើកទី២៨ (COP28) សម្រាប់ត្រៀមដាក់ជូនអនុម័តក្នុងកិច្ចប្រជុំកំពូលអាកាសធាតុលើកទី២៩ ដែលរួមមាន៖ កាបន្សុំា និងការកាត់បន្ថយ ការបាត់បង់និងខូចខាត(Loss & Damage) ការដាក់បញ្ចូលគោលដៅកំណត់បរិមាណថ្មីស្តីពីហិរញ្ញវត្ថុអាកាសធាតុ(the Collective Quantified Goal on Climate Finance) គោលដៅបន្ស៊ាំសកល(Global Goal Adaptation) របាយការណ៍វាយតម្លៃសកលនៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ (Global Stocktake)។ល។





  • Share on Social Media