នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងរបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3)។ សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាពឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងដោយមានការចូលរួមពី ឯកឧត្តម ភាវ សុវទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មន្ត្រីនិងថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងUNDP ក្រសួង ស្ថាប័ន ពាក់ព័ន្ធ សមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ដៃគូអភិវឌ្ឍន៍ ស្ថាប័នសិក្សា និងអ្នកតំណាងគម្រោងទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ចំនួន៨៤នាក់ (ស្ត្រី២២នាក់)។ សិក្ខាសាលានេះ មានគោលបំណងដើម្បីចែករំលែកបទពិសោធន៍ បង្ហាញអំពីការអនុវត្តល្អៗ និងកិច្ចប្រឹងប្រែងនានារបស់អ្នកពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិលើការអនុវត្តគម្រោងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
ថ្លែងក្នុងកម្មវិធីបើក ឯកឧត្តម មាស សុផល បានថ្លែងអំណរគុណចំពោះរដ្ឋបាល និងមន្ត្រីគ្រប់លំដាប់ថ្នាក់ខេត្តព្រះសីហនុ ដែលបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដោយមានការចូលរួមជាង ៣លាននាក់ពីសាលារៀន រោងចក្រសហគ្រាស វត្តអារាម និងពីគ្រប់ភាគីពាក់ព័ន្ធ នៅទូទាំងប្រទេស។ ឯកឧត្តមបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) តាំងពីដំណាក់កាលទី១ រហូតដល់ដំណាក់កាលទី៣ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការលើកកម្ពស់សមត្ថភាពស្ថាប័ន ការផលិតព័ត៌មាន/ទិន្នន័យ និងការដោះស្រាយការប្រែប្រួលអាកាសធាតុនៅកម្ពុជាប្រកបដោយភាពច្នៃប្រឌិត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការដោះស្រាយការប្រែប្រួលអាកាសធាតុទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ហេតុនេះ កិច្ចពិភាក្សាក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងនេះផ្តល់កាលានុវត្តភាពដល់អ្នករៀបចំគោលនយោបាយ សាកលវិទ្យាល័យ និងដៃគូអភិវឌ្ឍន៍ ដើម្បីចែករំលែកបទពិសោធន៍លើការអនុវត្តសកម្មភាពប្រែប្រួលអាកាសធាតុជាអាទិភាព ការចែករំលែកលទ្ធផលស្រាវជ្រាវ និងការពង្រីកវិសាលភាពគម្រោង និងការពង្រឹងកិច្ចសហប្រតិបត្តិការបន្តទៀតធ្វើយ៉ាងណាឱ្យការដោះស្រាយប្រែប្រួលអាកាសធាតុនៅកម្ពុជា កាន់តែមានភាពគ្រប់ជ្រុងជ្រោយ ខ្លាំងក្លា និងមានប្រសិទ្ធភាព។
ជាកិច្ចបិទបញ្ចប់សិក្ខាសាលា ឯកឧត្តម ស៊ុំ ធី អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត និងជានាយកកម្មវិធី CCCA3 ថ្លែងអំណរគុណសិក្ខាកាម និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានចូលរួមយ៉ាងផុសផុល។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលា ដោយក្នុងនោះមានការដាក់បង្ហាញផ្ទាំងរូបភាពអំពីលទ្ធផលការងារ ការអនុវត្តល្អៗ និងលទ្ធភាពនៃការពង្រីកវិសាលភាពគម្រោង នានា និងជាពិសេស មានកិច្ចពិភាក្សាយ៉ាងច្រើនពាក់ព័ន្ធនឹងគោលនយោបាយ ការចែករំលែកព័ត៌មានអំពីវិធីសាស្រ្តអនុវត្តគម្រោង បច្ចេកវិទ្យា ការស្រាវជ្រាវ និងការកំណត់ភាពជាដៃគូសម្រាប់ពេលខាងមុខ ដើម្បីធ្វើយ៉ាងណាចូលរួមកៀរគរការចូលរួមពីគ្រប់ភាគីក្នុងការអនុវត្តការឆ្លើយតបការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ ឯកឧត្តមបានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍រួមមាន សហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រទេសស៊ុយអែត ដែលបានគាំទ្រ CCCA អស់រយៈពេលជាងមួយទសវត្សរ៍នេះ ហើយបានបង្ហាញលទ្ធផលល្អប្រសើរនៃការងារនៃការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា។