នាថ្ងៃ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត បានសហការជាមួយមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) រៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសម្រាប់ប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីពិភាក្សាលើលទ្ធផលការវាយតម្លៃលើសន្ទស្សន៍ហានិភ័យលើកុមារ និងប្រមូលធាតុចូលបន្ថែមលើការរៀបចំម៉ូដែលហានិភ័យអាកាសធាតុនិងគ្រោះមហន្តរាយលើកុមារ សម្រាប់បរិបទប្រទេសកម្ពុជា។ សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន និងលោក Michele Paba ប្រធានកម្មវិធីទឹកស្អាតអនាម័យអាកាសធាតុ និងបរិស្ថាននៃអង្គការ UNICEF ប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ តំណាងគ្រឹះស្ថានឧត្តមសិក្សា អង្គការសង្គមស៊ីវិល និង ដៃគូអភិវឌ្ឍន៍ ចំនួន៥៧រូប (ស្រ្តី១៩រូប)។ 

ឯកឧត្តម មាស សុផល បានលើកឡើងអំពី ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការជាតិ និងថ្នាក់ក្រោមជាតិ និង ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បាន និងកំពុងអនុវត្តផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុទទួលបានជោគជ័យជាមោតនៈភាព។ ឯកឧត្តម ក៏រំលឹកដល់សិក្ខាកាមទាំងអស់ សូមអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល លើការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ  ដើម្បីឆ្លើយតបនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តម បានគូសបញ្ជាក់ថា ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគិតគូរពីកុមារដូចជា៖ យុទ្ធនាការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក ដែលចាប់ផ្តើមនៅតាមសាលារៀន  ចំនួន៤៤កន្លែង ដែលមានសិស្សានុសិស្សចំនួន១៨០០០នាក់ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ  ក្នុងគោលបំណងបន្សុទ្ធភាពបរិស្ថាន។  ជាមួយគ្នានេះដែរ សាលាចំនួន ៦ ដែលមានសិក្សានុសិស្សចំនួន ២៩៩៩ នាក់ និងលោកគ្រូ អ្នកគ្រូ ៧៥ នាក់ នៅតាមបណ្តាភូមិ ឃុំ ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ បានធ្វើប្តេជ្ញាចិត្តថា មិនប្រើថង់ប្លាស្ទិក។ 

លទ្ធផលសំខាន់ៗរួមមាន៖ 

១)បង្ហាញអំពីលទ្ធផលសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារ ២) ទទួលយោបល់ពីសិក្ខាកាមទៅលើប្រភេទ និងប្រភពទិន្នន័យដែលត្រូវយកមកប្រើប្រាស់ ក៏ដូចជាការកំណត់ឆ្នាំសម្រាប់ទិន្នន័យដើមគ្រា ៣)កំណត់សូចនាករទៅតាមវិស័យនៃភាពងាយរងគ្រោះលើកុមារ និង ៤) ការឯកភាពលើជំហានបន្ទាប់ និងការកំណត់វិសាលភាពនៃការប្រើប្រាស់ទិន្នន័យដែលបានមកពីការវិភាគម៉ូដែល CCRI-DRM។ 

សិក្ខាសាលានេះបានបិទបញ្ចប់ក្រោមអធិបតីភាព ឯកឧត្តម ជា ចន្ទន៍ធូ អគ្គនាយករង អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ។











 

 

  • Share on Social Media